Sunday, July 6, 2025
Header Banner

ក្រុមឈ្មួញកាប់បំផ្លាញលួចចូលកាប់ព្រៃនៅដែនការពារជម្រកសត្វសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ យកទៅបាត់ដោយរលូន!

ខេត្តឧត្តរមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ឈើប្រណិតប្រភេទ(ធ្នង់)ក្នុងដែនការពារជម្រកសត្វសង្ឃរុក្ខវ័ន ត្រូវបានក្រុមឈ្មួញកាប់បំផ្លាញដោយត្រឹមតែរយៈពេល៤ថ្ងៃអស់ចំនួន៩ដើម យកទៅបាត់យ៉ាងរលូន។

    ព្រះតេជគុណព្រះនាម ថូ ធូរស់ ប្រធាបប្រតិបត្តិនិងជាប្រធានសង្ឃសហគមន៍រុក្ខវ័នស្តីទី បានមានសង្ឃ ដីកាប្រាប់អ្នកកាសែតថា ជាការពិតណាស់ដែលក្រុមជនមិនស្គាល់មុខបានចូលទៅកាប់ឈើប្រភេទធ្នង់ក្នុងព្រៃសហគមន៍អស់៩ដើមត្រឹមតែរយៈពេល៤ថ្ងៃ។ ឈើដែលរងការកាប់បំផ្លាញនេះស្ថិតនៅចំណុច ភូមិបាក់ដឹង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានចម្ងាយប្រហែល២០០ម៉ែត្រពីស្នាក់ការឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត។ ឈើប្រណិតប្រភេទធ្នង់ទាំង៩ដើមដែករងការកាប់បំផ្លាញនេះ មានមុខកាត់ពី២តឹកដល់ជាង៣តឹក។ព្រះតេជគុណឲ្យដឹងទៀតថា ក្រុមជនមិនស្គាល់មុខ បានប្រើរូបភាព៣ផ្សេងគ្នាក្នុងការដឹងជញ្ជូនឈើចេញក្រោយពេលកាប់។១.ដឹកដោយរទេះច្នៃកង់ពីរឬ(រុក្ខិន)ទី២ ចងស្ពាយម្នាក់ៗ និងទី៣ សែង។ សកម្មភាពនេះកម្លាំងធ្លាប់ល្បាតប្រទះឃើញ ហើយរឹបអូសបានជាវត្ថុតាងទៀតផង ខណ:ជនសង្ស័យបានរត់គេចខ្លួននាពេលកន្លងមក។ តែថ្មីនេះ ក្រុមជនមិនស្គាល់មុខបន្តចូលទៅកាប់ ហើយដឹកចេញដោយសុវត្ថិភាព ហាក់មិនខ្លាចអំពីកម្លាំងរបស់មន្ត្រីឧទ្យាននុរក្សអីបន្តិចសោះ។

ព្រះតេជគុណ បន្ថែមថា ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នមានទំហំ៣០២៥៤ហិកតា ជាប់ព្រំប្រទល់ ៣ ក្រុងស្រុកគឺក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកចុងកាល់ នៃខេត្តឧត្តរមានជ័យ។ គិតចាប់ពីខែ១២ឆ្នាំ ២០២០មកទល់ពេលនេះ មានឈើប្រភេទធ្នង់ជាង ១០០ដើមហើយ ដែលត្រូវក្រុមមិនស្គាល់មុខកាប់បំផ្លាញ ធ្វើអាជីវកម្ម ។ ចឹងទេ ករណីចូលកាប់ឈើ ខាងលើ ព្រះតេជគុណ អំពាវនាវសុំឲ្យជំនាញពាក់ព័ន្ធ ពិសេសកម្លាំងឧទ្យាននុរក្ស ដែលបានដាក់ពង្រាយរហូត៥ស្នាក់ការមេត្តានៅតំបន់ខាងលើ ជួយទប់ស្កាត់ និងស្វែងរកចាប់ឃាត់ខ្លួនក្រុមជនឧក្រិដ្ឋព្រៃឈើមកផ្តន្ទាទោសទៅតាមផ្លុវច្បាប់។

 លោកភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានមាានប្រសាសន៍ប្រាប់អ្នកកាសែតឲ្យដឹងថា ជាការពិតណាស់ចំពោះការបាត់បង់ដើមឈើនេះ។ ប៉ុន្មានថ្ងៃមុនកាប់អស់៨ដើម និងនៅថ្ងៃទី២១ខែមិថុនានេះកាប់១ដើមទៀតសរុបអស់៩ដើម។ តែខាងលោកក៏បានរាយការណ៍ទៅថ្នាក់ខេត្តរួចហើយដែរ។ ពេល នេះកម្លាំងកំពុងស្រាវជ្រាវរកចាប់ខ្លួន ត្បិតយើងស្គាល់អត្តសញ្ញាណខ្លះហើយ។លោកបន្តថា ក្រុមជនមិនស្គាល់មុខធ្វើសកម្មភាពពេលយប់ ចឹងទេយើងពិបាកក្នុងការល្បាតខ្លះៗដែរ។ តែចំពោះថា កាប់ក្បែរស្នាក់ការមិនពិតទេ គឺមានចម្ងាយ២០០ ទៅ៣០០ម៉ែត្រ។ តែខាងលោកនិងព្យាយាមស្រាវជ្រាវវែកមុខជនល្មើសដើម្បីចាប់ខ្លួន។

 ជាទីបញ្ចប់ព្រះតេជគុណ ថូ ធូរស់ នៅតែបញ្ជាក់ថា ចំពោះការសហការក្នុងការការពារព្រៃឈើសង្ឃរុក្ខវ័ននេះ ហាក់មិនសូវស៊ីសង្វាក់គ្នារវាងសហគមន៍និងឧទ្យាននុរក្សនោះឡើយ។ ហេតុនេះទើបជនឧក្រិដ្ឋព្រៃឈើ នៅតែមានឱកាសក្នុងការចូលកាប់បំផ្លាញ។

សូមរម្លឹកថា​ការលួចចកាប់ឈើប្រណិត(ប្រភេទធ្នង់)ទាំងនេះគឺធ្វើឡើងនៅចន្លោះថ្ងៃទី១២ខែមិថុនាឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ហើយត្រូវបានមហាជនសម្តែងការសោកស្តាយ និងងឿងឆ្ងល់ថាតំបន់ខាងលើមានអ្នកគ្រប់គ្រងត្រឹមត្រូវ ហេតុអ្វីបានជាអាចឲ្យក្រុមឈ្មួញចូលទៅកាប់បាត់យ៉ាងរលូន។ដោយឡែកនាពេលថ្មីៗនេះសមត្ថកិច្ចខេត្តសៀមរាប ក៏បានស្ទាក់ចាប់បានរថយន្តដឹកឈើថ្នង់១គ្រឿងដែលបានដឹ្ចេញពីតំបន់ស្រុកសំរោង ខេត្តឧត្តរមានជ័យ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម