ភ្នំពេញ៖ សរុបទៅត្រឹមខែមិថុនា កម្ពុជាទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនចិន រហូតដល់ទៅ ៥លានដូសហើយ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន១លានដូសទៀត ដែលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន ក៏ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាផងទៀតដេរ។ នៅខែកក្កដាខាងមុខ វ៉ាក់សាំងប្រមាណ ៣លានដូសទៀត ក៏នឹងត្រូវដឹកពីប្រទេសចិន មកកាន់កម្ពុជាបន្ថែមទៀតផងដែរ។ ការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ គឺជាដំណោះស្រាយជាយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
វ៉ាក់សាំងបានក្លាយទៅជាវិធានការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងជួយការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។ វត្តមានវ៉ាក់សាំងជាបន្តបន្ទាប់នេះ នឹងជួយឱ្យកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រមាណ ១៣លាននាក់ ឱ្យបានលឿន និងទៅតាមការគ្រោងទុក។
គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៦ ខែមិថុនា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជា បានចំនួនជិត ៤លាននាក់ ស្មើនឹងជិត ៤០ភាគរយហើយ។ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរួចរាល់តាមផែនការ នឹងជួយឱ្យកម្ពុជាអាចគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩បានល្អ ដែលជាបុព្វហេតុមួយជួយឱ្យកម្ពុជាឈានទៅសម្រេចបានស្ថានភាពភាពសេដ្ឋកិច្ចល្អប្រសើរផងដែរ៕ ដោយ៖ធានី