កោះកុង៖មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង បានកើតឡើងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១នឹង០៥នាទី ស្ថិតនៅលើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ នៅចំណុចចំណោតតាតៃស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ហើយរថយន្តដែលជួបគ្រោះថ្នាក់ខាងលើ គឺជារថយន្តសណ្តោងរ៉ឺម៉កដឹកស្របៀកម្ពុជា ដែលអ្នកបើកបរបានបើកក្នុងល្បឿនលឿនពេលចុះចំណោតហើយហ្រ្វាំងមិនស៊ី ក៏រេចង្កូតក្រឡាប់ធ្លាក់ផ្លូវបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កមានម៉ាក ហ្វុយសូ ពណ៌ផ្ទៃមេឃ ប្រភេទរថយន្តសណ្តោរ៉ឺម៉ក ក្បាលពាក់ផ្លាកលេខ ភ្នំពេញ៣E-២៧៤៧ ពណ៌ផ្ទៃមេឃ និងរ៉ឺម៉កសណ្តោងពាក់ផ្លាកលេខ ភ្នំពេញ៤A-៥០២១ ពណ៌ផ្ទៃ មេឃ ធ្វើដំណើរពីភ្នំពេញទៅ ទីរួមខេត្តកោះកុង ដឹកស្រាបៀកម្ពុជា។
សមត្ថកិច្ចបន្តថា អ្នកបើកបរឈ្មោះ ហែម រតនា ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ (រងរបួសបាក់ដៃខាងឆ្វេង) អ្នករួមដំណើរឈ្មោះ សួន ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ ភូមិព្រៃជ្រៅ ឃុំសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង (រងរបួសបាក់ជើងខាងឆ្វេង) អ្នកទាំងពីរត្រូវបានបញ្ជូនតាមរថយន្តសង្រ្គោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែខេត្តកោះកុង ៕ ដោយ៖ សាគរ