Saturday, November 23, 2024
Header Banner

កម្ពុជា-ឥណ្ឌូនេស៊ី បានរៀបចំព្រឹត្តិការណ៍ជិះកង់រួមគ្នា ក្នុងរមណីយដ្ឋានអង្គរដើម្បីបង្កើនចំណងមិត្តភាពនៃប្រទេសទាំង២

សៀមរាប៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ គណៈប្រតិភូនៃប្រទេសសឥណ្ឌូនេស៊ី, អាជ្ញាធរខេត្តសៀមរាប និងក្រសួងទេសចរណ៍ បានចូលរួមជិះកង់ ដើម្បីបង្កើនចំណងមិត្តភាព រួមទាំងការផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ នៃប្រទេសទាំងពីរ ដែលចាប់ផ្តើមពីមុខប្រាសាទអង្គរវត្តរហូតដល់ប្រាសាទបន្ទាយក្តី និងមានអ្នកចូលរួមប្រមាណជា៣០នាក់។

 ឯកអគ្គរដ្ឋទូតសាធារណៈឥណ្ឌូនេស៊ីប្រចាំកម្ពុជា លោក សូឌី រាម៉ាន់ ហាសាំង បានឲ្យដឹងថា ក្រោមកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី បានរៀបចំព្រឹត្តិការណ៍ជិះកង់រួមគ្នា  ដើម្បីបង្កើនចំណងមិត្តរវាងប្រជាជន និងប្រទេសទាំងពីរ ឲ្យកាន់តែជិតស្និទ្ធ  ខណៈដែលកម្មវិធីមួយចំនួនត្រូវបានខកខាន រយៈពេលជាង១ឆ្នាំកន្លងមក ដោយសារវិបត្តិជំងឺកូវីដ ១៩ ។ តាមរយៈព្រឹត្តិការណ៍នេះដែរ ក៏ជាការរួមចំណែក ផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ ដ៏ល្បីល្បាញ ជាទីតាំងនៃប្រាសាទអង្គរវត្ត ដែលមានអាយុកាលរាបពាន់ឆ្នាំ ដើម្បីទាក់ទាញភ្ញៀទេសចរណ៍អោយមកកម្សាន្ត ក្រោយពេលវិបត្តិជំងឺកូវីដ១៩ បានវិលទៅរកភាពប្រក្រតីឡើងវិញ។

 ក្នុងឱកាសនោះដែរលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានសម្ដែងនូវការគាំទ្រ ចំពោះព្រឹត្តិការណ៍ជិះកង់រួមគ្នារវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី   ដែលនេះជាព្រឹត្តិការណ៍ មិនត្រឹមតែដើម្បីបង្កើនចំណងមិត្តភាពរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ តែក៏ដើម្បីបង្ហាញអំពីវប្បធម៌ និងអរិយធម៌ពីអតីតកាលរបស់កម្ពុជា និងឥណ្ឌូនេស៊ី ដែលមានភាពប្រហាក់ប្រហែលគ្នា ពិសេសតាមរយៈព្រឹត្តិការណ៍នេះ ពិតជាមានសារៈសំខាន់ក្នុងការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ របស់ខេត្តសៀមរាប ដែលត្រូវបានបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានចាត់ទុកថា ជាទីតាំងវប្បធម៌ នៃប្រទេសអាស៊ានសម្រាប់ឆ្នាំ២០២១ និង២០២២ផងដែរ។

ការជិះកង់រួមគ្នា ក្នុងរមណីយដ្ឋានអង្គរ អាចប្រព្រឹត្តិទៅបានគឺដោយមានការសម្របសម្រួលពីអាជ្ញាធរពាក់ព័ន្ធ និងសមត្ថកិច្ចក្នុងខេត្តសៀមរាប ដើម្បីឲ្យកិច្ចការនេះអាចប្រព្រឹត្តិទៅដោយរលូនផងដែរ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម