ក្រចេះ៖ កូនសត្វផ្សោតទន្លេមេគង្គមួយក្បាលថ្មីត្រូវបានក្រុមអ្នកស្រាវជ្រាវ នៃរដ្ឋបាលជលផល និងអង្គការ WWF បានកត់ត្រាទុកកាលពីថ្ងៃទី២៨ ខែមិថុនា ខណៈវាកំពុងហែលជាមួយសត្វផ្សោតធំមួយហ្វូងដែលមានចំនួន ៩ ក្បាលផ្សេងទៀត នៅក្នុងទីជម្រកធម្មជាតិ នៃអន្លង់សត្វផ្សោតកាំពី ខេត្តក្រចេះ។
កូនផ្សោតថ្មីនេះជាកូនសត្វផ្សោតទី៥ សម្រាប់ឆ្នាំ២០២១ ហើយវាមានអាយុ ប្រមាណទើបតែ ១ សប្តាហ៍ប៉ុណ្ណោះ។ សូមជម្រាបជូនផងដែរថា សត្វផ្សោតថ្មីសរុបចំនួន៩ក្បាល ត្រូវបានគេកត់ត្រាក្នុងឆ្នាំ២០២០ ខណៈសត្វផ្សោតថ្មីសរុបចំនួន ១៣ក្បាលត្រូវបានគេកត់ត្រាក្នុងឆ្នាំ ២០១៩ ។ ជំរឿនសត្វផ្សោតទន្លេមេគង្គ បានប៉ាន់ប្រមាណថាចំនួនសត្វផ្សោតសរុបមានត្រឹមតែ ៨៩ ក្បាលប៉ុណ្ណោះកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា ។
ស្ថានភាពនេះចាំបាច់ទាមទារនូវវិធានការរួមគ្នា ហើយខ្លាំងក្លាជាងមុនបន្ថែមទៀតដើម្បីការពារប្រភេទសត្វផ្សោតទឹកសាបដែលមានសារៈសំខាន់ជាសកលទាំងនេះ ឲ្យជៀសផុតពីការឈានទៅផុតពូជ៕ ដោយ៖ សុធា