ភ្នំពេញ ៖ដំរីជាប្រភេទសត្វដែលជិតផុតពូជនៅលើពិភពលោក តែនៅបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ យោងតាមទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបានដាក់នៅក្នុងតំបន់ការពារធម្មជាតិនានាបានរកឃើគថាដំរីអាស៊ីបានរស់នៅជាហ្វូងនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ហើយ មានឃើញកូនតូចៗជាច្រើនថែមទៀត។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថានបានថ្លែងថាវត្តមានកូនដំរីតូចៗដែលទើបនឹងកើតនៅក្នុងហ្វូងដំរីធំៗគឺជាក្តីសង្ឃឹមរបស់ក្រុមអ្នកអភិរក្សនិងក្រុម អ្នកបរិស្ថានដែលថានេះគឺជាប្រសិទ្ធភាពនៃការការពារនិងអភិរក្សព្រៃឈើទីជម្រកសត្វដំរី និងការថែរក្សាបាននូវប្រភេទពូជដំរីអាស៊ីដែលជិតផុតពូជនៅលើពិភពលោក។
យោងតាមការស្រាវជ្រាវរបស់អ្នកជំនាញ ដំរីនៅអាស៊ីត្រូវបានគេចាត់ថ្នាក់នៅក្នុងបញ្ជីឧបសម្ព័ន្ធ១នៃអនុសញ្ញាសាយតេស។ ដំរីជាប្រភេទសត្វចតុបាទដែលមានមាឌធំជាងគេបំផុត។ វាមានប្រមោយវែងស្បែក្រាស់ពណ៌ប្រផេះ និងមានរោមរឹងៗ ស្លឹកត្រចៀករាងដូចផ្លិតតែស្តើង។ ដំរីមានក្រចកម្រាមជើង ១៨ គឺនៅជើងមុខនីមួយៗមានក្រចកម្រាមជើង ៥ ឯក្រចកជើង ក្រោយមានម្រាមជើង ៤ តែក៏មានដំរីខ្លះមានក្រចកម្រាមជើងដល់ទៅ ២០ ដែរ។ ភ្លុកដំរីឈ្មោលមួយចំនួនមានប្រវែងរហូតដល់ទៅ១ម៉ែត្រ។ ដំរីនៅតំបន់អាស៊ីខុសពីដំរីនៅតំបន់អាហ្វ្រិក ដោយសារមាឌនិងស្លឹកត្រចៀកមានទំហំតូចជាង។ ដំរីអាស៊ីមានខ្នងស្ទើររាបស្មើ ឯដំរីអាហ្វ្រិកមានខ្នងកោងជាទួលខ្ពស់ឡើងលើ។
ដំរីច្រើនរស់នៅតាមព្រៃរបោះ វាលស្មៅ ព្រៃឫស្សី ព្រៃជាំទឹកតាមដងអូរ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង៊ វាស៊ីសំបកឈើ ស្លឹកឈើ មើមឈើ ឫសឈើខ្លីៗ ទំពាំងឫស្សី ផ្តៅ និងវល្លិ៍ជាដើម។ ដំរីផឹកទឹករហូតដល់ ២០០ លីត្រក្នុងមួយថ្ងៃ (នៅកន្លែងសម្បូណ៌ទឹក)។ ដំរីច្រើនផ្តល់កំណើតកូននៅ អំឡុងខែកក្កដា និងខែសីហា។ កូនម្តងបាន១ក្បាល ឬភ្លោះក៏មានដែន ប៉ុន្តែកម្រណាស់ បន្ទាប់ពីពពោះរយៈពេល ២១ ខែ (យូរបំផុត ២៥ខែ)។ ដំរីមេអាចបង្កើតកូនបាន ៤ ឬ៥ដង ហើយអាចមានកូនរហូតដល់អាយុ ៥០ -៧០ឆ្នាំ។ គេអាចសម្គាល់ដំរីឈ្មោលចុះប្រេងនៅពេលដែលគេឃើញមានសាធារុរាវម្យ៉ាងហូរចេញពីរន្ធមួយនៅចន្លោះត្រចៀក និងភ្នែកដែលជាទូទៅនៅចន្លោះខែវិច្ឆិកា និងខែធ្នូ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ដំរីអាស៊ីមានចំនួនប្រមាណចន្លោះពី ៤០០ ទៅ ៦០០ ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ទេសភាពខ្ពង់រាបភាគខាងកើតដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួនប្រមាណជាង ៧០ ក្បាល។
ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ក្នុងរយៈពេល ៦០ ទៅ ៧០ ឆ្នាំចុងក្រោយនេះ ចំនួនដំរីអាស៊ីនៅលើពិភពលោកបានថយចុះប្រហែលជា ៥០ភាគរយ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត ៩០ភាគរយ។ ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩ ៤៦៣ ក្បាលទៅ ៤៧ ៤២៧ ក្បាលដែលកំពុងរស់នៅក្នុងព្រៃសត្វថ្ងៃ ក្នុងនោះប្រហែល ៧៥ភាគរយរស់នៅក្នុង ប្រទេសឥណ្ឌា និងស្រីលង្កា។ ដំរីអាស៊ីត្រូវបានចាត់ទុកថាជាប្រភេទសត្វបង្គោលដ៏សំខាន់ដោយសារសារៈ សំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលដែលអាចការពារប្រភេទសត្វផ្សេងទៀតនៅ ក្នុងដែនជម្រករបស់វា។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ដំរីអាស៊ីកំពុងតែទទួលរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វានៅលើសកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ ការរិចរិលទីជម្រកបានធ្វើឱ្យដំរីអាស៊ីរស់នៅបែកខ្ញែកពីគ្នានិងជះឥទ្ធិពលអវិជ្ជមានដល់ស្ថិរភាពយូរអង្វែងរបស់ប្រភេទដ៏សំខាន់នេះ។
ចំពោះមុខនៃការគំរាមកំហែងនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានខិតខំរៀបចំផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ី ដោយបានថ្លែងថា៖ «ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា(CECG) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ដោយមានការចូលរួមពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិដើម្បីអភិរក្សដំរីអាស៊ីនៅកម្ពុជា តាមរយៈការរក្សាស្ថិរភាពនិងជំរុញឱ្យមានកំណើនចំនួនប្រភេទនេះនៅក្នុងព្រៃនៃប្រទេសកម្ពុជា ហើយផែនការសកម្មភាពដើម្បី អភិរក្សសត្វដំរីអាស៊ីឱ្យនៅគង់វង្សត្រូវបានរៀបចំឡើងសម្រាប់រយៈពេល ១០ ឆ្នាំ គឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ដោយបានកំណត់នូវបញ្ហាអាទិភាពចំនួន ៦ ក្នុងនោះរួមមាន
១) ការកាត់បន្ថយការបាត់បង់ទីជម្រក
២)អភិរក្សនិងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ
៣) ពង្រឹងការអនុវត្តច្បាប់
៤) បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម
៥)បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃនិងមនុស្ស
៦)អប់រំផ្សព្វផ្សាយ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។
យោងតាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល ១០ ឆ្នាំដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះត្រូវការថវិកាចំនួន ៤០,៥លានដុល្លារសហរដ្ឋអាមេរិកដែលជាគម្រោងថវិការំពឹងថានឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា៕SRT