កណ្ដាល៖ករណីនេះបានកើតឡើងនៅថ្ងៃទី៣ខែកក្កដាឆ្នាំ២០២១វេលាម៉ោង២៣នឹង៣០នាទីនៅចំណុចភូមិលើឃុំកោះចូរ៉ាមស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។កម្លាំងនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចុះពិនិត្យនិងកោសល្យវិច្ច័យសាកសពបុរស៣នាក់បន្ទាប់ពីនាំគ្នាផឹកស្រាថ្នាំ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថាជនរងគ្រោះ៣នាក់ទី១-ឈ្មោះម៉ែនសានភេទប្រុស អាយុ៤៦ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិឃុំកើតហេតុ, ទី២-ឈ្មោះហាក់គឺមស្រ៊ី ភេទប្រុសអាយុ៤២ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិឃុំកើតហេតុនិងទី៣-ឈ្មោះជួន ប៉ុនភេទប្រុសអាយុ៦២ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិឃុំកើតហេតុ។
ប្រភពដដែលបន្តថាកន្លងមកជនរងគ្រោះទាំង០៣នាក់ខាងលើបានផឹកស្រាជាប្រចាំពុំសូវហូបបាយហូបទឹកទេរហូតដល់មានសភាពញៀនស្រាលុះដល់ថ្ងៃទី០២ខែកក្កដាឆ្នាំ២០២១ម៉ោង៨៖០០នាទីឈ្មោះហាក់គឹមស្រ៊ីបានប្រើកូនរបស់ខ្លួនឲ្យទៅទិញស្រាថ្នាំពីផ្ទះឈ្មោះជាសំអាតភេទស្រីចំនួនកន្លះលីត្រយកមកផឹកនៅផ្ទះរបស់ខ្លួនជាមួយឈ្មោះម៉ែនសានអស់ចំនួន០១ដបស្មើនឹងកន្លះលីត្រប៉ុន្តែនៅសល់បាតដបបន្តិចហើយដល់ថ្ងៃទី០៣ខែឆ្នាំដដែលវេលាម៉ោង១០៖០០នាទីឈ្មោះហាក់គឹមស្រ៊ីបានកាន់ស្រាថ្នាំ០១ដបស្មើនឹងកន្លះលីត្រទៅផឹកនៅរោងកាត់សក់របស់ឈ្មោះនាងយានម្នាក់ឯងតែមិនដឹងទិញពីផ្ទះណាទេក្លែមផ្លែពុទ្រារហូតដល់ម៉ោង១៦៖០០នាទីទើបឈ្មោះហាក់គឹមស្រ៊ីត្រលប់មកផ្ទះវិញឯឈ្មោះម៉ែនសាននិងឈ្មោះជួនប៉ុនមិនដឹងផឹកស្រានៅកន្លែងណាទេរហូតមកដល់វេលាម៉ោង២៣៖៣០នាទីថ្ងៃដដែលឈ្មោះម៉ែនសានមានសភាពពិបាកដកដង្ហើមពេលនោះបងប្អូនបានកោសខ្យល់ឲ្យនិងធ្វើចលនាតែឈ្មោះម៉ែនសានបានស្លាប់ទៅហើយលុះដល់ម៉ោង២៖០០នាទីរំលងអាធ្រាត្រចូលថ្ងៃទី០៤ខែកក្កដាឆ្នាំ២០២១ឈ្មោះជួនប៉ុនក៏មានសភាពថប់ដង្ហើមនិងបែកពពុះមាត់ហើយក៏បាត់បង់ជីវិតនិងដល់ម៉ោង២៖៣០នាទីរំលងអាធ្រាត្រថ្ងៃដដែលឈ្មោះហាក់គឹមស្រ៊ីក៏មានសភាពថប់ដង្ហើមហូរទឹកមាត់និងប្រកាច់ពេលនោះប្រពន្ធកូនបានជួយធ្វើចលនាតែជនរងគ្រោះបានស្លាប់បន្ទាប់មកក្រុមគ្រួសារបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកោះចូរ៉ាមរួចគ្រូពេទ្យបានចុះយកសំណាករកមេរោគកូវីដ-១៩លទ្ធផលអវិជ្ជមានទាំង០៣នាក់ហើយសមត្ថកិច្ចការិយាល័យជំនាញខេត្តសហការជាមួយកម្លាំងជំនាញស្រុកក្រុមប្រឹក្សាឃុំមេភូមិកម្លាំងប៉ុស្តិ៍ពេទ្យបង្អែកស្រុកពេទ្យមណ្ឌលសុខភាពឃុំនិងក្រុមគ្រួសារសពបានពិនិត្យសាកសពយ៉ាងហ្មត់ចត់ឃើញថាសាកសពទាំង០៣មានសភាពករឹងអញ្ចាញធ្មេញពណ៌ស្វាយចុងដៃនិងចុងជើងពណ៌ស្វាយផ្នែកក្បាលដងខ្លួននិងអវយវៈពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ។
សន្និដ្ឋាន៖តាមយោបល់គ្រូពេទ្យនិងជំនាញជនរងគ្រោះទាំង០៣នាក់ស្លាប់ដោយសារគាំងបេះដូង(អាចបណ្តាលមកពីផឹកស្រាច្រើន) ក្រោយពិនិត្យរួចបានប្រគល់សពទាំង០៣នាក់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណៃ៕ដោយ៖វិន