ខេត្តតាកែវ៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ មានករណីអំពើលួច(ម៉ូតូ)មួយករណីកើតឡើងនៅចំណុចផ្ទះជនរងគ្រោះឈ្មោះ ស៊ិន ស៊ីដែនភេទប្រុស អាយុ២៧ឆ្នាំ ស្ថិតក្នុងភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ បង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នា ០៥នាក់បានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាកស៊ុយស៊ុយ គីវីវ៉ាពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1AD- 9288 តែមិនបានសម្រេចត្រូវបានម្ចាស់ផ្ទះដឹង និងស្រែកឆោឡោព័ទ្ធចាប់បានជនសង្ស័យ ០១នាក់ មានឈ្មោះ ចេង វណ្ណដែង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិទួលបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោរ រាជធានីភ្នំពេញនិងបានរាយការណ៍មកកម្លាំងជំនាញដើម្បីនាំខ្លួនមកធ្វើការសាកសួរបន្ត។
ក្រោយធ្វើការសាកសួរកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងដូនកែវ ក្រោមការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោសុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានធ្វើការស្រាវជ្រាវ និងមានការសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោរ នៅវេលាម៉ោង១២និង០០នាទី ថ្ងៃខែឆ្នាំដដែលបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ទៀត មានឈ្មោះ ហ៊ិន ធូ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិសង្កាត់ជាមួយគ្នានៅភូមិសាស្ត្រខណ្ឌដង្កោរ រាជធានីភ្នំពេញ។ រីឯជនបក្ខពួកជនសង្ស័យ០៣នាក់ទៀតមានទី១ឈ្មោះដំ ទី២ឈ្មោះ ចាំង និងទី៣ឈ្មោះ សូនី កំពុងរត់គេចខ្លួន។
បច្ចុប្បន្នជន សង្ស័យកម្លាំងជំនាញកំពុងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យដែលកំពុងរត់គេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕ ដោយ៖ពិសិទ្ធ