ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចបានអញ្ជើញទទួលអង្ករចំនួន ១០តោន និងមី២០កេសធំ ពីលោក Kevin Hsu អគ្គនាយកក្រុមហ៊ុន LIXIN GROUP នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័កព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។
ថ្លែងក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមលោកជំទាវផ្ទាល់ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក Kevin Hsu អគ្គនាយកក្រុមហ៊ុន LIXIN GROUP ជាវិស័យឯកជនដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល។ ស្បៀងអាហារនេះពិតជាមានសារៈសំខាន់បំផុតសម្រាប់បរិភោគប្រចាំថ្ងៃក្នុងពេលចូលរួមក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺរាត្បាតកូវីដ១៩។ លោកជំទាវបានបន្តទៀតថាអំណោយសប្បុរសធម៌នេះនឹងយកទៅប្រើប្រាស់សកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិនិងគ្រោះមហន្តរាយផ្សេងៗផងដែរ។
លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានជូនពរឲ្យក្រុមហ៊ុនទទួលបានការគាំទ្រកាន់តែច្រើននិងជោគជ័យក្នុងការងារមុខជំនួននៅកម្ពុជាហើយក៏សូមឲ្យក្រុមហ៊ុមបន្តជួយដល់រាជរដ្ឋាភិបាលបន្ថែមទៀតលើការងារមនុស្សធម៌៕ ដោយ៖ ធានី