Sunday, November 24, 2024
Header Banner

លោក ស្រេង ប្រណី ថៅកែដេប៉ូឈើ និងគូកន០២នាក់ទៀត ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការ ពីបទក្លែងឯកសារ

ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាប បានសម្រេចបញ្ជូនខ្លួនថៅកែដេប៉ូឈើ (ដេប៉ូច្រកចេញចូលតែមួយ) និងគូកន០២នាក់ទៀតទៅតុលាការ។

លោក ឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ាស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាប  បានអោយដឹងថា ថៅកែដេប៉ូឈើឈ្មោះ ស្រេង ប្រណីនិងគូកន ០២នាក់ទៀត បានបញ្ជូនខ្លួនទៅតុលាការហើយ កាលពីព្រឹកថ្ងៃទី៩ ខែកក្កដានេះ ក្រោមបទចោទក្លែងឯកសារទិញលក់។

លោកបានបញ្ជាក់ទៀតថា តែបើសិនជាតុលាការរកឃើញថាមានបទល្មើសផ្សេងទៀតនោះ ជនសង្ស័យអាចនឹងទទួលទោសតាមភាពជាក់ស្តែងបន្ថែមទៀត។

សូមរំលឹកថាកាលពីថ្ងៃទី៧ ខែកក្កដា សមត្ថកិច្ចបានចាប់ខ្លួនលោក ស្រេង ប្រណី គឺជាថៅកែដេប៉ូឈើយីហោ តាំង សុខនី និងគូកន០២នាក់ ក្រោយរកឃើញឈើល្មើសច្បាប់ប្រភេទសុក្រម១៧៤ដុំ ស្មើ៧,៧៤២ម៉ែត្រគុប ក្នុងដេប៉ូឈើដែលស្ថិតក្នុងភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ 

លោក ស្រេង ប្រណី ដែលជាម្ចាស់ដេប៉ូឈើយីហោ តាំង សុខនីត្រូវបានអាជ្ញាធរប្រគល់សិទ្ធិជាដេប៉ូច្រកចេញចូលតែមួយ ឬ ហៅថាជាដេប៉ូចែកចាយឈើផ្តាច់មុខទៅបណ្តាដេប៉ូផ្សេងទៀតក្នុងខេត្តសៀមរាប។ ការរកឃើញឈើខុសច្បាប់នៅក្នុងដេប៉ូឈើនេះត្រូវបានមហាជនដាក់ការសង្ស័យថា អាចមានការឃុបឃិតគ្នាជាមួយឈ្មួញរកស៊ីខុសច្បាប់ក៏ថាបាន៕ ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម