សៀមរាប៖សកម្មភាពកាប់បំផ្លាញដើមឈើធំៗ នៅក្នុងតំបន់ឧទ្យានអង្គរ នៅតែបន្តកើតមាន បើទោះបីសមត្ថកិច្ចដែលប្រចាំការនៅទីនោះបានធ្វើការរឹតបន្តឹងយ៉ាងណាក៏ដោយ។
ហេតុការណ៍ប្រទះឃើញមានការកាប់បំផ្លាញដើមឈើ បានកើតឡើងនៅល្ងាថ្ងៃ១២ខែកក្កដាឆ្នាំ២០២១ នេះ ស្ថិតនៅចំណុចផ្លូវចូលវត្តអន្លង់ ស្រមោល ក្នុងភូមិធ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
ពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញព្រៃឈើនៅតំបន់ខាងលើ គេនៅពុំទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរជាតិអប្សរានៅឡើយទេនៅយប់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១នេះ។ សូមរំលឹកផងដែរថាក្នុងរយៈពេលប៉ុន្មានឆ្នាំនេះមានក្រុមឈ្មួញបានឆ្មក់ចូលទៅលួចកាប់ឈើប្រណីតប្រភេទគ្រញូងនៅតំបន់ឧទ្យានអង្គរដែលគ្រប់គ្រងដោយសមត្ថកិច្ចចម្រុះបានទៅដោយរលូន ហើយករណីនេះគេឃើញសមត្ថកិច្ចខ្លះឆ្លើយដោះសារប្រាប់អ្នកកាសែតនិងថ្នាក់លើដើម្បីយករួចខ្លួនតែប៉ុណ្ណោះ។ អាស្រ័យហេតុនេះហើយបានជាក្រុមឈ្មួញនៅតែអាចឆ្លៀតឱកាសចូលទៅលួចកាប់ឈើប្រណិតនៅតំបន់ឧទ្យានអង្គរបានជាហូរហែដោយគ្មានខ្លាចញញើតផ្លូវច្បាប់សោះឡើយ។ គេទន្ទឹងរង់ចាំមើលថាសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាបនិងក្រសួងជំនាញ អាចមានវិធានការរកឃើញជនល្មើសដែលឃុបឃិតយកាប់បំផ្លាញព្រៃឈើនៅតំបន់ឧទ្យានអង្គរនោះបានដែរឬទេ៕ដោយ៖ភក្តី