ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ជនសង្ស័យចំនួន១៨នាក់ក្នុងចំណោមនោះមានមួយចំនួនជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនធ្វើសកម្មភាពខុសច្បាប់បង្កឲ្យប៉ះពាល់កិត្តិយសព្រះពុទ្ធសាសនាត្រូវបាននគរបាលខណ្ឌកំបូល រាជធានីភ្នំពេញ ចាប់ខ្លួនខណៈជនសង្ស័យធ្វើសកម្មភាពស្លៀកពាក់គ្រងស្បង់ជីវរក្លែងជាព្រះសង្ឃដើរបិណ្ឌបាតរៃអង្គាសប្រាក់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តខណ្ឌកំបូល រាជធានីភ្នំពេញ ។ជនសង្ស័យទាំង១៨នាក់ក្នុងនោះ១៧នាក់ជាព្រះសង្ឃក្លែងក្លាយនិង០១នាក់ជាតៃកុងឡាន ត្រូវបាននគរបាលខណ្ឌកំបូលចាប់ខ្លួនជាបន្តបន្ទាប់កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌកំបូលប្រាប់ឱ្យដឹងថា ការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើកម្លាំងនគរបាលខណ្ឌកំបូលបានទទួលព័ត៌មានប្តឹងរាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានថាមានមនុស្សមួយក្រុមបានមកជួលផ្ទះស្នាក់នៅក្នុងបុរីពិភពថ្មីមួយកន្លែងក្នុងខណ្ឌកំបូល ហើយនៅពេលព្រឹកបានស្លៀកពាក់គ្រងស្បង់ជីវរក្លែងជាព្រះសង្ឃដើរបិណ្ឌបាត រៃអង្គាសប្រាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌកំបូលជាយូរមកហើយ។ក្រោយពីទទួលព័ត៌មាននោះភ្លាមលោកអធិការនគរបាលខណ្ឌកំបូល ក៏បានចាត់កម្លាំងចុះតាមដានស្រាវជ្រាវអំពីសកម្មភាពមុខសញ្ញាជនសង្ស័យ។នៅថ្ងៃខាងលើជនសង្ស័យ១០នាក់ក្នុងនោះគ្រងស្បង់ជីវរក្លែងជាព្រះសង្ឃ០៩នាក់ និង០១នាក់ទៀតជាតៃកុងឡានត្រូវបានចាប់ខ្លួនខណៈ ដែលជនសង្ស័យតៃកុងឡានបានបើករថយន្តម៉ាកកូរ៉ូឡាដឹកប្រមូលសង្ឃក្លែងក្លាយទាំងនោះពីគោលដៅមួយចំនួនក្រោយពីរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
បន្ទាប់ពីសាកសួរជនសង្ស័យទាំងនេះហើយកម្លាំងនគរបាលខណ្ឌកំបូលក៏បានបន្តចាប់ខ្លួនជនសង្ស័យក្លែងជាព្រះសង្ឃ០៨នាក់ទៀត។ជនសង្ស័យជាសង្ឃក្លែងក្លាយបន្ទាប់មកត្រូវបាន ព្រះអនុគុណខណ្ឌកំបូលបានចាប់ផ្សឹកពួកគេហើយប្រគល់ជនសង្ស័យ និងវត្ថុតាងស្បង់ជីវរទៅសមត្ថកិច្ច ដើម្បីឱ្យសមត្ថកិច្ចយកចាត់ការតាមផ្លូវច្បាប់។លោកអធិការរងប្រាប់ឱ្យដឹងទៀតថា បើតាមចម្លើយសារភាពពីជនសង្ស័យប្រាប់សមត្ថកិច្ចថា ពួកគេធ្វើសកម្មភាពក្លែងជាព្រះសង្ឃដើរបិណ្ឌបាតជាយូរមកហើយ ក្រោមការចាត់ចែងរបស់មេខ្យល់មានឈ្មោះ ម៉េង ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ដោយក្នុង០១ថ្ងៃពួកគេរៃអង្គាសប្រាក់បានពី៨ម៉ឺនទៅ១០ម៉ឺនរៀល ក្នុងនោះមេខ្យល់ឈ្មោះម៉េង តម្រូវបង់ឱ្យគេក្នុង០១នាក់ពី៣ម៉ឺនទៅ៣ម៉ឺ៥ពាន់រៀលក្នុង០១ថ្ងៃ នៅសល់ប្រាក់ប៉ុន្មានទៀតគឺពួកខ្លួន យកមកចាត់ចែងចាយវាយ។បច្ចុប្បន្នជនសង្ស័យទាំង១៨នាក់ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌកំបូលកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ដោយ៖វាយោ