សៀមរាប៖ដោយមើលឃើញនៅការលំបាករបស់មន្ទីរពេទ្យកុមារអង្គរ សប្បុរសជននានា បាននាំគ្នាចូលជាថវិកានិងសម្ភារៈប្រើប្រាស់ដើម្បីការពារកូវីដ.១៩ ជាច្រើនផងដែរ។ជាក់ស្ដែងគិតត្រឹមព្រឹកថ្ងៃទី១៩ ខែកក្កដា ២០២១ នេះ មន្ទីរពេទ្យកុមារអង្គរ ទទួលថវិកាសប្បុរសធម៌ពីសប្បុរសជនជាច្រើនបានចំនួន ៥៥ ៣៩៨ ដុល្លារអាមេរិក ម៉ាស់ចំនួន ៣ ០០០ ប្រអប់ ពីឯកឧត្តមហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តេស្តរហ័សរកជំងឺកូវីដ ១៩ ចំនួន ៣ ០០០ តេស្តពីឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមូលនិធិកម្ពុជាប្រឆាំងជំងឺកូវីដ១៩ ក៏បានបរិច្ចាគតេស្តរហ័សរកជំងឺកូវីដ១៩ ចំនួន ១ ០០០ តេស្ត ព្រមទាំងជែលសំអាតដៃចំនួន ១ ០០០ ដប រួមទាំងសម្ភារៈបរិក្ខាពេទ្យមួយចំនួនទៀត ពីសប្បុរសជនជាច្រើនផងដែរ។
បុគ្គលិក និងថ្នាក់ដឹកនាំមន្ទីរពេទ្យកុមារអង្គរ ទាំងអស់គ្នា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត នូវទឹកចិត្តដ៏ធំធេងមិនអាចកាត់ថ្លៃបានពីបងប្អូនប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសទាំងអស់ រួមទាំងស្ថាប័ន អង្គភាព ក្រុមហ៊ុនអាជីវកម្មដែលបានឧបត្ថម្ភថវិកាមកកាន់ មន្ទីរពេទ្យកុមារអង្គរ ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការ ការពារ ព្យាបាល និងថែទាំសុខភាព សុវត្ថិភាព របស់អ្នកជំងឺ និងអាណាព្យាបាល ព្រមទាំងបុគ្គលិក នៅក្នុងមន្ទីរពេទ្យកុមារអង្គរ និងសហគមន៍។
មន្ទីរពឹទ្យកុមារអង្គរនឹងបន្តធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពមន្ទីរពេទ្យកុមារអង្គរ មិនត្រឹមតែអំពីការពារ និងថែទាំព្យាបាលអ្នកជំងឺកូវីដ១៩ ប៉ុណ្ណោះទេ តែក៏មានអ្នកជំងឺជាច្រើនដទៃទៀតនៅក្នុងមន្ទីរពេទ្យជាប្រចាំជូនដល់បងប្អូនសាធារណៈជនទាំងអស់៕ដោយ៖សៀមរាបថែមស៍