សៀមរាប៖កម្លាំងសមត្ថកិច្ចចម្រុះខេត្តសៀមរាប បានសហការគ្នាចុះបង្ក្រាប បៀរហ្គាឌិន ចំនួន២កន្លែងដែលមានបង្កប់KTV ស្ថិតនៅរាត្រីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកវរសេនីយ៍ឯកណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦នេះថា កម្លាំងនគរបាលក្រុងសៀមរាបនិងនករបាលប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយដង្គំ ចុះសហការជាមួយគណៈកម្មការ មានមន្ទីរទេសចរណ៍ខេត្ត មន្ទីរសុខាភិបាល និងជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យជាក់ស្ដែងបៀរហ្គាឌិន ២កន្លែងដែលមានបង្កប់KTV ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ១- ស្នាដៃម៉ែក្មេកក្លាស៊ីក១,២- នារីអង្គរ១១១។លោកបន្តថា បន្ទាប់ពីត្រួតពិនិត្យ ក្រុមការងាររកឃើញថាបៀរហ្កាឌិនខាងលើពុំទាន់បានបំពេញលក្ខណៈផ្លូវច្បាប់គ្រប់គ្រាន់ និងអនុវត្តវិធានការបង្ការកូវីដ១៩ត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូច្នេះគណៈកម្មការចម្រុះតម្រូវឲ្យម្ចាស់អាជីវកម្មទាំងអស់ដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ (បើកភោជនីយដ្ឋានបែបធម្មតាដោយគ្មានKTV) ទៅការិយាល័យច្រកចេញចូលតែមួយនៅរដ្ឋបាលខេត្តសៀមរាប និងស្នើសុំក្រុមការងារជំនាញចុះមកបង្រៀនវិធីបង្ការកូវីដ១៩អោយបានត្រឹមត្រូវ៕