សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងរដ្ឋបាលព្រៃឈើផ្នែកជីក្រែង សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឃាត់រថយន្តយីឌុប១គ្រឿងដឹកឈើល្មើសច្បាប់(ប្រភេទលេខ១)បម្រុងលោតឆ័ត្រទៅរកទីផ្សារងងឹត។
ហេតុការណ៍បង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ខែមេសាឆ្នាំ២០២១ ស្ថិតនៅភូមិទ័ពសៀម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានមានប្រសាសន៍ថា កម្លាំងរដ្ឋបាលព្រៃឈើផ្នែកជីក្រែង សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឃាត់រថយន្តយីឌុប១គ្រឿងម៉ាកហីយ៉ាន់ដាយពាក់ស្លាកលេខភ្នំពេញ 3D 7657 ដឹកឈើឈ្លីចល្មើសច្បាប់(ប្រភេទលេខ១) ដែលកំពុងធ្វើចរាចរតាមដងផ្លូវជាតិលេខ៦ក្នុងនៅភូមិទ័ពសៀម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ចំណែកអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់។លោកបន្តថា ឈើទាំងនោះកម្លាំងសមត្ថកិច្ចជំនាញបានអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើជីក្រែង ដើម្បីវាស់វែងធ្វើកំណត់ហេតុទៅតាមផ្លូវច្បាប់។លោកបន្ថែមថា ឈើទាំងនេះខាងលោកនៅមិនទាន់បានដឹងបរិមាណនៅឡើយទេដោយរង់ចាំរាប់ចំនួនសិន។តែឈើទាំងនេះអាចមានរហូតដល់ជាង១០ម៉ែត្រគូប។
ប្រភពបានឲ្យដឹងថា បច្ចុប្បន្នក្រុមឈ្មួញសម្រុកដឹកឈើឈ្លីច(ប្រភេទលេខ១)ដឹកចេញពីតំបន់ត្រពាំងថ្ម នៃស្រុកស្វាយលើនិងដឹកចេញឃុំខ្វាវស្រុកជីក្រែង ឆ្ពោះទៅស្រុកស្ទោង ដើម្បីបន្តស្វែងរកទីផ្សារងងឹត៕ដោយ៖ភក្តី