សៀមរាប៖យោងតាមរបាយការណ៍របស់មន្ទីរពេទ្យកុមារអង្គរ បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី០៥ខែសីហាឆ្នាំ២០២១នេះ យើងបានរកឃើញ កុមារមានជំងឺកូវីដ ១៩ ចំនួន៧នាក់ និងត្រូវការសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកុមារអង្គរ ក្នុងនោះកុមារ៥នាក់បានជាសះស្បើយត្រលប់ទៅផ្ទះវិញ និងពីរនាក់ទៀតនៅបន្តសម្រាកព្យាបាលនៅក្នុងបន្ទប់ជំងឺធ្ងន់ និងបន្ទប់ព្យាបាលជំងឺកូវីដ១៩ ដោយសារតែកុមារទាំងពីរមានបញ្ហាសុខភាពមិនរឹងមាំតាំងពីកំណើត។
លោកស្រី ស៊ិនកេត អរុណ ប្រធានការិយាល័យទំនាក់ទំនងសាធារណៈប្រចាំកម្ពុជា នៃមន្ទីរពេទ្យកុមារអង្គរ បានមានប្រសាសន៍ឲ្យដឹងថា ស្ថានភាពបច្ចុប្បន្នរបស់មន្ទីរពេទ្យកុមារអង្គរ គឺនៅតែបន្តបើកទ្វារទទួលពិនិត្យ ព្យាបាល និងថែទាំកុមារ មកពីគ្រប់ទិសទីទាំងស្ថានភាពជំងឺកម្រិតស្រាល រហូតដល់ធ្ងន់ធ្ងរ។ ទោះបីមិនមានបន្ទប់ព្យាបាលជំងឺកូវីដ១៩ ដ៏ធំទូលំទូលាយក៏ដោយក៏មន្ទីរពេទ្យកុមារអង្គរនៅតែសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជារួមមានដូចជា អង្គភាព ឬស្ថាប័នសុខាភិបាល និងអជ្ញាធរខេត្ត និងតំបន់ដើម្បីបង្កើនការយកចិត្តទុកដាក់នៅក្នុងកិច្ចការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះទាំងក្នុង និងក្រៅមន្ទីរពេទ្យដើម្បីធ្វើឲ្យសុខុមាលភាពកុមារកម្ពុជាកាន់តែប្រសើរឡើង។
លោកស្រីបញ្ជាក់ទៀតថា យើងខ្ញុំទាំងអស់គ្នាពីមន្ទីរពេទ្យកុមារអង្គរ សូមគោរពកោតសរសើរ និងថ្លែអំណរគុណយ៉ាងក្រៃលែងចំពោះសប្បុរសជនទាំងអស់ នូវសន្តានចិត្តដ៏ល្អប្រពៃ លះបង់កម្លាំងកាយ ចិត្ត ពេលវេលា និងធនធានថវិកាដើម្បីជួយសម្រាលទុក្ខលំបាកដែលមន្ទីរពេទ្យកុមារអង្គរ កំពុងជួបប្រទះ និងសូមប្រសិទ្ធិពរជ័យឲ្យជួបតែពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ផងដែរថា ជំនួយសប្បុរសធម៌ដែលទទួលបានសម្រាប់កិច្ចការពារ និងព្យាបាលជំងឺកូវីដ ១៩ នៅក្នុងមន្ទីរពេទ្យកុមារអង្គរ មានជាថវិកាចំនួនជាង ៨ម៉ឺនដុល្លារអាមេរិក និងសម្ភារៈបរិក្ខាពេទ្យសរុបជាទឹកប្រាក់ប្រមាណជា ៥ ម៉ឺនដុល្លារអាមេរិកថែមទៀត៕ដោយ៖វាយោ