ភ្នំពេញ៖យោងតាមផេកផ្លូវការរបស់សម្ដេចមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានឲ្យដឹងថា
វ៉ាក់សាំងដែលដឹកមកយប់នេះ ជាជើងលើកទី២ និងជាចំនួនបង្គ្រប់ចំនួន ១លានដូស ខណៈជើងទី១ បានដឹកមកដល់កាលពីថ្ងៃទី២៣ ខែកក្កដា ក្នុងចំនួន ៣៣២,០០០ដូស។ ជប៉ុន គឺជាប្រទេសមួយដែលបានរួមចំណែកជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ ការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ១លានដូស នេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ ជំនួយវ៉ាក់សាំងនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួន របស់ប្រជាជនកម្ពុជា។
រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល ពិតជាទទួលបានភាពកក់ក្តៅ និងសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រ និងជ្រោមជ្រែងដល់កម្ពុជា ក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះឱ្យខានតែបាន តាមរយៈការផ្តល់ជាជំនួយឧបករណ៍បរិក្ខារសុខាភិបាល និងហិរញ្ញប្បទាន ជាបន្តបន្ទាប់នាពេលកន្លងមក៕ដោយ៖វាយោ