សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងនៅព្រឹកថ្ងៃទី០៧ខែសីហាឆ្នាំ២០២១នេះថា ខណៈជម្ងឺកូវីដ.១៩រាលដាល ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចគាស់ផ្ទះពលរដ្ឋ ជាច្រើនដងនៅក្នុងក្រុងសៀមរាប តែសំណាងមិនល្អត្រូវបានពលរដ្ឋប្រទះឃើញរួចរាយការណ៍ឲ្យប្រជាការពារភូមិនិងកម្លាំងប៉ុស្តិ៍ជ្រាវនៃអធិការនគរបាលក្រុងសៀមរាបដែលកំពុងល្បាតក្បែរនោះ ឃាត់ខ្លួនជាក់ស្តែងតែម្តង។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី០៧ខែសីហាឆ្នាំ២០២១នេះថា ដោយមានការដឹកណែនាំពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងសម្របសម្រួលនិតិវិធីដោយលោកព្រះរាជ្ញាអមសាលាដំបូងខេត្តសៀមរាប កម្លាំងនគរបាលប៉ុស្តិ៍ជ្រាវនិងនគរបាលក្រុងសៀមរាប ព្រមទាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហកាគ្នាឃាត់ខ្លួន ជនសង្ស័យឈ្មោះ លឹម សាវុធ ហៅ វុធ ភេទ ប្រុស អាយុ៤២ឆ្នាំ មានស្រុកកំណើតនៅឃុំ ប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅមិនពិតប្រាកដ ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយយកទ្រព្យសម្បត្តិ ) នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។លោកបន្តថា នៅវេលាម៉ោង១៤.០០នាទីថ្ងៃទី០៥ ខែសីហាឆ្នាំ២០២១ នៅភូមិ ខ្នារ សង្កាត់ ជ្រាវ ក្រុង.ខេត្តសៀមរាប ជនសង្ស័យឈ្មោះ លឹម សាវុធ បានធ្វើសកម្មភាពកាត់ផ្តាច់សោររបង នឹងគាស់ទ្វារផ្ទះជនរងគ្រោះឈ្មោះស៊ត ណារី ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ខណៈពេលដែលជនរងគ្រោះមិនបាននៅផ្ទះ ហើយចូលលួចយកនាឡិកាដៃចំនួន០១គ្រឿង, ស្រាចំនួន០១ដប (ស្រាបារាំង) និង ឧបករណ៍បំពងសម្លេង(speaker) ចំនួន០១គ្រឿង។ក្រោយពីធ្វើសកម្មភាពលួចបានហើយ ជនសង្ស័យបានចេញពីផ្ទះជនរងគ្រោះ បម្រុងជិះម៉ូតូគេចខ្លួន ហើយត្រូវប្រជាពលរដ្ឋដែលនៅក្បែរនោះឃើញ ក៏ស្រែកឆោឡោ និងរាយការណ៍ដល់សមត្ថកិច្ចតែម្តង ហើយស្របពេលដែលសមត្ថកិច្ចកំពុងធ្វើការល្បាតនៅក្បែរនោះ ក៏បានចុះធ្វើការអន្តរាគមន៍ភ្លាមៗ និងធ្វើការឃាត់ខ្លួនជនសង្ស័យរូបនេះបានភ្លាមៗ ហើយយកមកសួរនាំ។ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានគាស់ផ្ទះរបស់ជនរងគ្រោះខាងលើ និងចូលលួចទ្រព្យសម្បត្តិពិតមែន ។វត្ថុតាងដកហូតបានរួមមាន៖ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១IQ-១២៣១ លេខតួ.លេខម៉ាស៊ីន៥៩២៥១៥៤(ម៉ូតូជនសង្ស័យ ), ស្រាចំនួន០១ដប, នាឡិកាដៃចំនួន០១គ្រឿង,តួណឺវីសចំនួន០១ ,ម៉ាឡេតចំនួន០១ ,ដង្កាប់មានសោរចំរុះចំនួន០១ឈុត,កូនសោរចាក់ចំរុះចំនួន០១ឈុត។លោកបន្ថែមថា តាមការសួរនាំ ជនសង្ស័យបានសារភាពថាខ្លួនបានធ្វើសកម្មភាពគាស់ផ្ទះពលរដ្ឋនៅក្រុងសៀមរាប បានចំនួន៥ករណីរួចមកហើយ។ទី១-ថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២១ វេលាម៉ោង ១៥ និង ៣០ នាទីនៅចំណុច ផ្ទះល្វែង ក្នុងបុរីសៀងណាំ១ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប ធ្វើសកម្មភាពគាស់ទ្វារផ្ទះ និងចូលលួច ទ្រព្យសម្បត្តិនៅក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះចឹក គឹមជុន ភេទប្រុស អាយុ ៤៦ ឆ្នាំ មុខរបរ ជាមន្ត្រីរាជការ នៅសាលាខេត្តសៀមរាប រស់នៅភូមិ/សង្កាត់ខាងលើ ទ្រព្យសម្បត្តិ ដែលគេលួចបាន រួមមាន៖ប្រាក់ខ្មែរចំនួន ៤លានរៀល, ជញ្ជៀនត្បូងដាំពេជ្រចំនួន ០២វង់, ចិញ្ចៀនផ្លាកទីនចំនួន០១វង់, គ្រាប់ត្បូងចិញ្ចៀនមានទំហំតូច,ធំ ប្រហែលជាង ២០ គ្រាប់ និងកាតសំរាប់ចាក់ប្រេងសាំង របស់ក្រុមហ៊ុនតេលា មួយចំនួន ចំពោះទ្រព្យសម្បត្តិដែលលួចបានខាងលើ គឺរូបគេបានយក ចិញ្ចៀនពេជ្រ ចំនួនពីរវង់ និង គ្រាប់ត្បូង ជាង២០គ្រាប់ នឹងកាតសំរាប់ចាក់ប្រេងសាំងរបស់ក្រុមហ៊ុនតេលា មួយចំនួន បានលក់ទៅឲ្យបក្ខពួករបស់ខ្លួនម្នាក់ទៀត ឈ្មោះនុន សុភាក់ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ មានស្រុកកំណើត នៅស្រុកស្ទោង ខេត្តកំពង់ធំ មានមុខរបរ និងទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ គឺលក់បានប្រាក់ចំនួន ១៨០០ ដុល្លារអាមេរិក ចំពោះប្រាក់ដែលរូបខ្លួន បានពីការធ្វើសកម្មភាពលួចខាងលើនេះ គឺរូបខ្លួនបានយក ទៅលេងល្បែងហ្គេមតាមប្រព័ន្ធ online អស់ទៅហើយ។ទី២-នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១២.២២នាទី នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប គាស់ផ្ទះរបស់ជនរងគ្រោះឈ្មោះ.ជូ រ៉ាឌីណា ភេទប្រុស អាយុ៤១ឆ្នាំរស់នៅភូមិកើតហេតុ លួចបានខ្សែដៃប្លាទីនចំនួន០១ខ្សែ ,ខ្សែកប្លាទីនចំនួន០១ខ្សែ , ក្រវិលមាស០១គូរ នឹងក្រវិលប្លាទីនចំនួន០១គូ សរុបជាទឹកប្រាក់៧០០ដុល្លារ ។ទី៣-នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥.០០នាទី នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប គាស់ផ្ទះរបស់ជនរងគ្រោះឈ្មោះ ជា តិចឡេង ភេទប្រុស អាយុ៤៤ឆ្នាំរស់នៅភូមិកើតហេតុ លួចបានខ្សែកមាសទម្ងន់០១ជី , ខ្សែកប្លាទីន០២ខ្សែទម្ងន់០៤ជី , ជញ្ជៀនពេជ្រ០១វង់ តម្លៃ១៥០០ដុល្លារ។ទី៤-នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១១.៥០នាទី នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប គាស់ផ្ទះរបស់ជនរងគ្រោះឈ្មោះ សែ សៀកម៉ុង ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិកើតហេតុ លួចពុំបានទ្រព្យសម្បត្តអ្វីទេ។ទី៥-នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២.៤០នាទី ស្ថិតនៅផ្ទះល្វែងបុរីសេរីភាព ក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប កាត់សោរទ្វាផ្ទះរបស់ជនរងគ្រោះឈ្មោះ សម គឹមមួន ភេទស្រី អាយុ៤៩ ឆ្នាំរស់នៅភូមិកើតហេតុលួចពុំបានទ្រព្យសម្បត្តិអ្វីទេ ។ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង បានថ្លែងអំណរគុណនិងផ្តល់ថវិកាលើកទឹកចិត្តដល់ពលរដ្ឋនិងប្រជាការពារភូមិ ព្រមទាំងនគរបាលជំនាញដែលបានប្រឹងប្រែងការពារ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អដល់ពលរដ្ឋក្នុងមូលដ្ឋាន ឲ្យមានភាពកក់ក្តៅ នាបដិបទនៃការរាលដាលការឆ្លងជម្ងឺកូវីដ.១៩នេះផងដែរ។បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់តាមនីតិវិធីច្បាប់៕ដោយ៖សៀមរាបថែមស៍