សៀមរាប៖បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនៅបន្ទប់ប្រជុំលេខ១ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិភាក្សា លេីការគ្រប់គ្រងសំរាម សំណល់រឹង សំណល់ផ្ទះបាយ និងសំណល់វេជ្ជសាស្ដ្រតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលកូវីដ-១៩ កម្រិតស្រាលក្នុងក្រុងសៀមរាប ដឹកនាំដោយ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពីតំណាងភាគីពាក់ព័ន្ធរួមមាន ទីចាត់ការអន្តរវិស័យ មន្ទីរបរិស្ថាន មន្ទីរសុខាភិបាលខេត្ត រដ្ឋបាលស្រុកបន្ទាយស្រី ក្រុមហ៊ុនGAEA.Plc ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការគ្រប់គ្រង និងលើកកម្ពស់ការទុកដាក់ចុងក្រោយនូវសំរាម សំណល់រឹង សំណល់ផ្ទះបាយ និងសំណល់វេជ្ជសាស្ដ្រតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលកូវីដ-១៩កម្រិតស្រាល ស្របតាមបទដ្ឋានបច្ចេកទេស ធានាបាននូវផាសុខភាព និងសុវត្ថិភាពបរិស្ថាន។ ក្រោយពីមានការចូលរួមមតិយោបល់ និងពិភាក្សាអង្គប្រជុំទទួលបានលទ្ធផលដូចខាងក្រោម៖-ក្រុមហ៊ុនGAEA Plc. ត្រូវដឹកសំរាមចេញទីតាំងមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ យកទៅដាក់នៅទីតាំងឡដុតសំរាមនៅស្រុកបន្ទាយស្រី ដើម្បីដុត និងដឹកសំរាមសហគមន៍ពីឡដុតសំរាមនៅបន្ទាយស្រីទៅចោលនៅទីលានចោលសំរាមនៅស្រុកប្រាសាទបាគង វិញ ដើម្បីកុំឱ្យមានការកកស្ទះ។ -មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវផ្គត់ផ្គង់សម្ភារបរិក្ខាសម្រាប់ផ្តល់ជូនអ្នកដុតសំរាម រួមមានសម្លៀកបំពាក់សុវត្ថិភាព PPE ស្រោមដៃ ម៉ាសពេទ្យជាដើម និងបណ្តុះបណ្តាលដល់អ្នកដុតសំរាមទាំងនោះឱ្យចេះប្រើប្រាស់ឯកសណ្ឋានសុវត្ថិភាព PPE ដែលប្រគល់ជូនស្របតាមលក្ខណៈបច្ចេកទេសសុខាភិបាល ដើម្បីប្រើប្រាស់អំឡុងពេលដុតសំរាម។ -រដ្ឋបាលស្រុកបន្ទាយស្រី និងមន្ទីរបរិស្ថានខេត្ត ត្រូវសហការគ្នាក្នុងការគ្រប់គ្រងទីតាំងឡដុតសំរាម និងចាត់ចែងប្រើប្រាស់អ្នកទទួលខុសត្រូវក្នុងការដុតសំរាម និងគ្រប់គ្រងសំរាមដែលក្រុមហ៊ុននីមួយៗដឹកជញ្ជូនចេញទីតាំងមណ្ឌលចត្តាឡីស័ក និងព្យាបាល។ -រដ្ឋបាលស្រុកបន្ទាយស្រី មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត មន្ទីរបិស្ថានខេត្ត និងក្រុមហ៊ុនGAEA Plc. នឹងសហការគ្នាចុះពិនិត្យទីតាំង និងសាកល្បងយកសំរាមដែលចេញពីមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ យកទៅដុតនៅក្នុងឡដុតសំរាមនៅស្រុកបន្ទាយស្រី ដើម្បីសិក្សា និងដកពិសោធន៍ជាក់ស្តែង៕ដោយ៖ភក្តី