សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា ជនសង្ស័យម្នាក់ជាអ្នកបើកឡានដឹកគ្រឿងសំណង់ បានបែកគំនិតទៅធ្វើសកម្មភាពគាស់ហាងលក់កុំព្យូទ័រ យកទ្រព្យសម្បត្តិមួយចំនួនរួចគេចខ្លួនបាត់។ប៉ុន្តែក្រោយពីទទួលបណ្តឹងរបស់ជនរងគ្រោះរួចមកត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្រាវជ្រាវរហូតឃាត់ខ្លួនជាក់ស្តែងតែម្តង។
លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត លោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នង ការរងទទួលផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរង ជាជំនួយការដឹកនាំការិយាល័យព្រហ្ម ទណ្ឌកម្រិតធ្ងន់ និងដោយមានការសម្របសម្រួលពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ នេះលោកបានដឹកនាំកម្លាំង ចុះធ្វើការស្រាវជ្រាវ រហូតឈានឃាត់ខ្លួនបានជនសង្ស័យម្នាក់ យកមកធ្វើការសួរនាំ។លោកបន្តថា ជនសង្ស័យមាន ឈ្មោះ កែរ ណាលុច ហៅបារាំង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ បើកឡានដឹកគ្រឿងសំណង់ បច្ចុប្បន្ន រស់នៅភូមិវិហារចិន សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស ( គាស់ទំលុះទំលាយ ) កាលពីវេលាម៉ោង ០២និង៣០នាទី យប់ឈានចូលថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចហាងលក់កុំព្យូទ័រ ស្ថិតភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលបង្ករឡើងដោយជនសង្ស័យ មិនស្គាល់អត្ត សញ្ញាណ បានធ្វើសកម្មភាព ឡើងលើដំបូលផ្ទះ គាស់ស័ង្កសី ចូលក្នុងហាងលក់កុំព្យូទ័រ របស់ជនរងគ្រោះ លួចយក computer MacBook Pro ០១គ្រឿង MacBook Air ០១គ្រឿង iPad 11 ០១គ្រឿង iPad Air 4 ០១គ្រឿង iPad 8th ០១គ្រឿង iPad Pro 2020 ០១គ្រឿង កាបូប ស្ពាយ ០១ និងឯកសារ មួយចំនួន ក្រោយពេលធ្វើ សកម្មភាព ហើយ ជនសង្ស័យ បានគេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ លោក បានដឹកនាំកម្លាំងការិយាល័យជំនាញ ចុះធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត រហូតឈានដល់ឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ កែរ ណាលុច ត្រង់ចំណុច ហាងជួសជុលទូរស័ព្ទ ០១កន្លែងក្នុងភូមិវិហារចិន ដោយជនសង្ស័យ បានយក iPad របស់ជនរង គ្រោះទៅបិតស្គ្រីន យើងក្រឡេកឃើញភិនភាគ ដូចជនរងគ្រោះ ចង្អុលប្រាប់ក៏បាននាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ តែម្តង។
លោក បានបញ្ជាក់ទៀតថា ពេលសាក សួររួច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ករណីដូចខាងលើនេះពិតប្រាកដមែន ។
សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន៖ computer និង iPad ដែលជារបស់ជនរងគ្រោះ។បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖ភក្តី