សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ខែសីហាឆ្នាំ២០២១នេះ តំណាងប្រជាពលរដ្ឋ ចំនួន២៥០គ្រួសារ ដែលរស់នៅភូមិដៃអាវ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បានលើកគ្នាមកធ្វើការតវ៉ានៅមុខបុរីរដ្ឋបាលខេត្តសៀមរាប ដោយកើតទុក្ខមិនសុខចិត្តចំពោះប្រធានអង្គការឯកជនមួយ បានប្តឹងពួកគាត់ទៅតុលាការ ដោយបានទាមទារយកដីលំនៅដ្ឋានដែលពួកគាត់រស់នៅជាច្រើនឆ្នាំមកហើយនោះ។
តំណាងពលរដ្ឋនៅភូមិដៃអាវ គឺលោកឈិត សៀង បានឲ្យដឹងថា មេភូមិ និង ប្រជាពលរដ្ឋក្នុងភូមិចំនួន ១០រូប ត្រូវបានតុលាការ ធ្វើការកោះហៅឲ្យចូលទៅបំភ្លឺចំនួន៣លើកមកហើយ ហើយនៅលើកទី៤នេះនៅថ្ងៃទី១៧សីហាខាងមុខនេះ ពួកគាត់ត្រូវ ចូលខ្លួនបន្តទៀត។តែដោយមានការព្រួយបារម្ភ ទើបពួកគាត់បាននាំគ្នាមកសុំឲ្យអាជ្ញាធរខេត្តសៀមរាប ជួយធ្វើការអន្តរាគមន៍ ដើមី្បឲ្យខាងតុលាការធ្វើការត្រួតពិនិត្យករណីនេះឡើងវិញ ព្រោះអីមិនមានបញ្ហាអ្វីជា មួយសមាគមនេះទេ បានជាសមាគមនេះបានធ្វើការប្តឹងផ្តល់ពួកគាត់ ដែលមានផ្ទៃដីទៅ៤ពាន់ហិចតាឯណោះទៅវិញ។តំណាងពលរដ្ឋក៏បានបន្តថា ក្រោមគោលនយោបាយនិងសារាចរលេខ០០១ របស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចុះក្រុមនិសិ្សត មកធ្វើការវាស់វែងកាត់ឆ្វៀលដីជូនពលរដ្ឋនាឆ្នាំ ២០១២ ហើយពួកគាត់ក៏ បានទទួលបានប័ណ្ណកាន់កាប់ ព្រមទាំងបានយកទៅដាក់នៅធនាគារទៀតផង។ តែនៅពេលថ្មីៗនេះ បានលេចមុខចេញ ឈ្មោះ លុក សុខុម ប្រធានអង្គការសហគមសង្គ្រោះយុទ្ធជនពិការ ស្ត្រីមេម៉ាយកុមារកំព្រា និងរាស្ត្រទាល់ក្រ នេះបានធ្វើការប្តឹងផ្តល់ពួកគាត់ថា រំលោភយកដីរបស់សមាគមន៍ ដែលបានកាន់កាប់ក្នុងឆ្នាំ២០១៩ ដែលមានផ្ទៃដីទំហំ៤ពាន់ហិចតា តែដីភូមិរបស់ពួកគាត់មានតែប្រមាណជា ២ពាន់ហិចតាប៉ណ្ណោះ។ក្នុងនោះតំណាងប្រជាពលរដ្ឋ ក៏បានសំណូមពរដល់រដ្ឋបាលខេត្ត សុំឲ្យតុលាការ ពិនិត្យសំណុំរឿងនេះឡើងវិញ។
លោកស្រី វ៉ក ណម មេឃុំ ស្រែណូយ បានប្រាប់តាម ទូរស័ព្ទថា វាអយុត្តិធម៌ណាស់សំរាប់រូប អ្នកស្រី ដែលតុលាការចោទរូបគាត់ក្លែងឯកសារលក់ដី ព្រោះរូបគាត់ ទើបតែមកកាន់ជាមេឃុំនៅអាណត្តិនេះប៉ុណ្ណោះ។ ហើយមេឃុំចាស់គេក៏មិនបានប្រាប់គាត់ ថា ពាក់ព័ន្ធនឹងដីដែលមានទំនាស់មានប្លង់នោះដែរ។ ដោយឡែកសំរាប់ប្រជាពលរដ្ឋដែលទៅរស់នៅភូមិដៃអាវ ដែលកាលពីមុនមករស់នៅកាប់រុករានដីព្រៃជាអនាធិបតេយ្យ ដូច្នេះអាជ្ញាធរចេញប្លង់ឲ្យប្រជាពលរដ្ឋ គឺរស់នៅជាក់ស្តែង ឬចុះហត្ថលេខាការព្រម ព្រៀងរបស់ប្រជាពលរដ្ឋ។ លោក អ៊ឹម សុភ័ន្ត នាយកទីចាត់ការអន្តរវិស័យសាលាខេត្តសៀមរាប បានជួបជាមួយតំណាងពលរដ្ឋនិងបានធ្វើការសម្របសម្រួលផ្តល់គំនិតមួយចំនួនទៅតាមផ្លូវច្បាប់ ដើមី្បចៀសវាងកុំឲ្យមានកើតនូវអំពើហិង្សាអ្វីមួយកើតឡើង។ម៉្យាងទៀតដោយកាលៈទេសៈនេះ ក្នុងខេត្តសៀមរាប មានឆ្លងរាលដាល នៃជម្ងឺកូវិដ១៩ សូមឲ្យបងប្អូនរក្សានូវសុវត្ថិភាពរបស់ខ្លួនគ្រប់គ្នា ដោយគោរពអនុវត្តនូវវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល និង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។
ជុំវិញករណីនេះដែរលោក សួស ណារិន មន្រ្តីសិទ្ធិមនុស្ស និងឃ្លាំមើលដីធ្លី អង្គការអាដហុក ប្រចាំខេត្តសៀមរាប បានឲ្យដឹងថា ករណីនេះលោកកំពុងស្រាវជ្រាវឲ្យបានល្អិតល្អន់ថែមទៀត។លោកក៏បានទទួចឲ្យរដ្ឋបាលខេត្តសៀមរាប ជួយដោះស្រាយទំនាស់នេះដោយសន្តិវិធីចៀសវាងមានករណីហិង្សាកើតឡើង៕ដោយ៖ភក្តី