បន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៣៨នាក់ ដែលល្មើស និងបម្រាមយកទៅធ្វើសំណាកលទ្ធផលមានវិជ្ជមានកូវីដ-១៩ ចំនួនម្នាក់ ហើយធ្វើការផាកពិន័យតាមច្បាប់។
លោក ហ៊ឹល រ៉ាយ៉ា ប្រធានគណបញ្ជាការឯកភាពក្រុងសិរីសោភ័ណ រួមនឹងកងកម្លាំងនគរបាល អាវុធហត្ថ កម្លាំងតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យបានប្រាប់ឲ្យដឹងថា ការឃាត់ខ្លួនមនុស្ស៣៨នាក់ល្មើសនិងបំរាមក្នុងក្រុងសិរីសោភ័ណនេះដើម្បីចុះរឹតបន្តឹងវិធានការដ្ឋបាល មិនឲ្យមានសកម្មភាពនៃការជុំ ប្រមូលផ្តុំផ្សេងៗ នៅក្នុងភូមិសាស្រ្តក្រុង ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ពិសេសវីរុសបំប្លែងថ្មី Delta។លោក ហ៊ឹល រ៉ាយ៉ាបានបញ្ជាក់ឲ្យដឹងបន្តទៀតថាការអនុវត្តរឹតបន្តឹងនេះគឺធ្វើឡើងដូចភ្លៀងរលឹម ដោយផ្តោតសំខាន់ មិនឲ្យមានសកម្មភាពនៃការជួបជុំផ្សេងៗ ដូចជាការជួបជុំផឹកស៊ី លែងល្បែងស៊ីសង សកម្មភាពលេងកីឡា មានលក្ខណៈប្រមូលផ្តុំដែលល្មើសនឹងវិធានការសុខាភិបាល គឺអាជ្ញាធរអនុវត្តដោយគ្មានការលើកលែង។ពិសេសចំពោះអ្នកដែលមិនពាក់ម៉ាស់ មិនគោរពតាមវិធានការសុខាភិបាល នឹងត្រូវមានការផាកពិន័យតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ក្នុងនោះលោកក៏បានដាក់បទបញ្ជាដល់គ្រប់សង្កាត់ ត្រូវធ្វើការរឹតបន្តឹងមិនត្រូវឲ្យមានសកម្មភាពប្រជុំផ្តុំណាមួយក្នុងមូលដ្ឋានដោយគ្មានអនុញ្ញាតនោះទេ ត្រូវសហការជាមួយកងកម្លាំងពាក់ព័ន្ធចុះអនុវត្តឲ្យបានជាប់ជាប្រចាំ។លោកបានបន្តថាក្នុងការចុះអនុវត្តជាក់ស្ដែងនោះដែរគណៈបញ្ជាការឯកក្រុងសិរីសោភ័ណ បានធ្វើការប្រមូលអ្នកដែលល្មើស នឹងបម្រាមសុខាភិបាល មានចំនួន៧ទីតាំង នៅក្នុងសង្កាត់ព្រះពន្លា សង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ ឃាត់ខ្លួនបានចំនួន៣៨នាក់ដើម្បីយកទៅធ្វើសំណាក មុនធ្វើការផាកពិន័យតាមច្បាប់ សំណាកទាំង៣៨នាក់ ជាលទ្ធផលវិជ្ជមានកូវីដ-១៩ម្នាក់។ទន្ទឹមនឹងនោះលោក ក៏បានអំពាវនាវដល់ពលរដ្ឋ សូមចូលរួមអនុវត្តនៅវិធានការសុខាភិបាល និងវិធានការរាជរដ្ឋាភិបាល “៣កាពារ ៣កុំ” ឲ្យបានខ្ជាប់ខ្ជួនដោយមិនត្រូវមើលស្រាលជំងឺកូវីដ-១៩ឡើយ៕ដោយ៖សេរី