ខេត្តបន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្ត២គ្រឿងលួចដឹកសាច់ជ្រូក.ស្លាបមាន់ គ្រឿងក្នុងមាន់ និងប្រហិតចម្រុះ ចំនួន ៣តោន ដឹកតាមរថយន្តចំនួន០២គ្រឿងចេញពីប្រទេសថៃ ចូលមកតាមច្រកបឹងត្រកួន ស្ថិតក្នុងភូមិសាស្ត្រភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បម្រុងយកមកលក់ចែកចាយក្នុងទីផ្សារក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វបង្ក្រាបបាននៅវេលាម៉ោង៤ និង៤៥នាទីទៀបភ្លឺ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ។
ឯកឧត្តម តាន់ ផាន់ណារ៉ា បានឲ្យអ្នកសារព័ត៌មានដឹងថា៖ការបង្ក្រាបរថយន្តទាំង២គ្រឿង ម៉ាក ISUZU ពណ៌ស ជាប្រភទរថយន្ត Pickup ពាក់ស្លាកលេខ Thailand ដែលលួចដឹកសាច់សត្វជ្រូក.ស្លាបមាន់ គ្រឿងក្នុងមាន់ និងប្រហិតចម្រុះ ចំនួន ៣តោនដឹកចេញពីប្រទេសថៃនេះ ដោយមានការដឹកនាំដោយផ្ទាល់ពីឯកឧត្តមតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលមានដើមកំណើតពីសត្វ សហការជាមួយការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ ព្រមទាំងសហការជាមួយ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ ។
ឯកឧត្តម តាន់ ផាន់ណារ៉ា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា៖ក្រោយពីឃាត់រថយន្តទាំង២គ្រឿងនេះ សមត្ថកិច្ចចម្រុះបានឆែកឆេររកឃើញ សាច់សត្វជ្រូក, ស្លាបមាន់, គ្រឿងក្នុងមាន់ និងប្រហិតចម្រុះ ចំនួន ៣តោន ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់ ។វត្ថុតាងនិងបទល្មើស ក្រុមការងារបានបញ្ជូនទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធី ៕ដោយ៖វត្តី