សៀមរាប៖អាជ្ញាធរខេត្តសៀមរាប នៅល្ងាចថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២១នេះ បានសម្រេចបិទក្រុងសៀមរាប រយៈពេលមួយសប្តាហ៍ ខណៈរកឃើញថា មានការឆ្លងរាលដាល មេរោគកូវីដ១៩ កើនឡើងគួរឲ្យព្រួយបារម្ភ។
ថ្នាក់ដឹកនាំខេត្តសៀមរាប បានសម្រេចបិទក្រុងសៀមរាប ចំនួនមួយសប្ដាហ៍ ក្នុងបំណងដើម្បីកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ខណៈដែលបច្ចុប្បន្នតួលេខអ្នកឆ្លងក្នុងក្រុងហាក់មានការកើនឡើង។អាជ្ញាធរបញ្ជាក់ថា ប្រសិនបើការបិទបណ្ដោះអាសន្ន៧ថ្ងៃនេះ មានការធូរស្រាល និងអាចរកឃើញអ្នកជំងឺកូវីដ-១៩បានទាន់ពេលវេលានោះ អ្វីៗនឹងល្អប្រសើរវិញ។វិធានការនេះធ្វើឡើងក៏ដោយសារការសង្កេតឃើញថា ក្រុងសៀមរាប ពិសេសបណ្ដាស្រុកជុំវិញស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ មានករណីផ្ទុះការឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ នៅរយៈពេល១០ថ្ងៃចុងក្រោយនេះ។ ពិសេសនោះគឺប្រជាពលរដ្ឋ និងអាជីវករមួយចំនួន នៅមិនទាន់ចូលរួមអនុវត្តវិធានការសុខាភិបាល ក៏ដូចជាការណែនាំរបស់រដ្ឋបាលខេត្ត គឺនៅតែមានការជួបជុំ និងលក់គ្រឿងស្រវឹងជាដដែល។ អាជ្ញាធរនឹងចុះទៅទីប្រជុំជន និងតាមទីផ្សារ ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែង ហើយនឹងឈានដល់ការផាកពិន័យតែម្ដង។
យ៉ាងនេះក្តី មកទល់ល្ងាចថ្ងៃទី១១ ខែកញ្ញានេះ រដ្ឋបាលខេត្តសៀមរាប នៅមិនទាន់ចេញលិខិតផ្លូវការណាមួយទាក់ទងការបិទខ្ទប់នេះនៅឡើយទេ។តែនៅតាមមូលដ្ឋាននៃក្រុងសៀមរាប គេសង្កេតឃើញថា អាជ្ញាធរមូលដ្ឋានបានចុះផ្សព្វផ្សាយនឹងបិទខ្ទប់តាមច្រកសំខាន់ៗនៃក្រុងសៀមរាបផងដែរ៕ដោយ៖វាយោ