ភ្នំពេញ៖យោងតាមរយៈសារសំឡេងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់ ១២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ធ្វើនៅទូទាំងប្រទេស ខណៈថ្នាក់ជាតិយើងនឹងបើកនៅវិមានសន្តិភាព នាថ្ងៃសុក្រទី១៦ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ «យើងធ្វើយ៉ាងដូច្នេះសំដៅដើម្បីឱ្យកុមារដែលត្រូវចូលរៀនបឋមសិក្សាអាចនឹងចូលរៀនបានដោយគ្មានការភ័យខ្លាច ព្រោះពួកគេទទួលបានវ៉ាក់សាំង» ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថា កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា បានចាក់វ៉ាក់សាំងដល់កុមារអាយុចន្លោះពី១២ដល់ ១៧ឆ្នាំ ដែលជិតរួចរាល់ហើយ ហើយពេលនេះ យើងបើកយុទ្ធនាការបន្តសម្រាប់ចាក់ដល់កុមារអាយុពី៦ឆ្នាំទៅ១២ឆ្នាំបន្តទៀត ដើម្បីធ្វើយ៉ាងណាឱ្យកុមារទាំងនោះអាចចូលរៀននៅថ្នាក់បឋមនៅពេលខាងមុខ ដូច្នេះ ស្នើឱ្យមន្រ្តីពាក់ព័ន្ធនឹងសុខាភិបាល រៀបចំវ៉ាក់សាំង និងក្រុមគ្រូពេទ្យ សម្រាប់ចាក់វ៉ាក់សាំងដល់កុមារអាយុ៦ឆ្នាំដល់១២ឆ្នាំ ដែលមានចំនួនប្រមាណ១,៩លាននាក់នៅទូទាំងប្រទេស៕ដោយ៖សេរី