សៀមរាប៖យោងតាមខ្លឹមសារនៃសេចក្ដីណែនាំ របស់រដ្ឋបាលខេត្តសៀមរាប ស្ដីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និង កឋិនទាន បានឲ្យដឹងថា ពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២១ ដែលពិធីនេះ បានបើកឱកាសប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទបំពេញបុណ្យកុសលតាមសទ្ធាជ្រៈថ្លា ជូនបុត្រាបុត្រី បងប្អូន សិស្ស និស្សិត មន្រ្តីរាជការ និងប្រជាខ្មែរ ទាំងក្នុងនិងក្រៅប្រទេស មានលទ្ធភាពធ្វើបដិការគុណ គោរពតបស្នងសងគុណមាតាបិតា ជីដូនជីតា អាណាព្យាបាល គ្រូឧបជ្យាយាចារ្យ តាមជំនឿ និងបានរួមចំណែកថែរក្សានូវប្រពៃណីទំនៀមទំលាប់ ជំនឿសាសនា វប្បធម៌ អរិយធម៌ ដែលជាអត្តសញ្ញាណដ៏ថ្លៃថ្លា របស់ជាតិឲ្យបានគង់វង្ស ។
សេចក្ដីណែនាំបានបញ្ជាក់បន្ថែមថា ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ រដ្ឋបាលខេត្តសៀមរាប បានធ្វើការណែនាំដល់គ្រប់បណ្ដាមន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក ជាពិសេសមន្ទីរធម្មការនិងសាសនា ត្រូបង្កើនការយកចិត្តទុកដាក់អប់រំ ផ្សព្វផ្សាយ និង បង្កលក្ខណៈឲ្យបានល្អប្រសើរដល់ព្រះសង្ឃ និង ប្រជាពុទ្ធបរិស័ទ បានចូលរួមបំពេញបុណ្យកុសលជាប្រពៃណី នៅតាមវត្តអារាម នៅក្នុងអង្គភាពរបស់ខ្លួន ព្រមទាំងបានជួបជុំឪពុកម្ដាយ បងប្អូន ជីដូនជីតា តាមបំណងប្រាថ្នា ទៅតាមលំអាននៃប្រពៃណីព្រះពុទ្ធសាសនា និង ទំនៀមទំលាប់ជាតិ ពិសេស គឺត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ៣កុំ និង ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ឲ្យបាននូវការរីករាលដាល់នៃជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ ។
គួររំលឹកថា ដើម្បីរៀបចំឲ្យបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ដំណើរការ និងប្រព្រឹត្តទៅស្របតាមទំនៀមទំលាប់ ប្រពៃណីព្រះពុទ្ធសាសនា និង ចូលរួមបដិបត្តិតាមសេចក្ដីណែនាំនានា របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង អាជ្ញាធរដែនដី តាមសភាពជាក់ស្ដែងនៃទីកន្លែងនីមួយៗ ក្នុងការអនុវត្តវិធានការចាំបាច់នានា សំដៅកាត់ផ្ដាច់និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នោះ ក្រសួងធម្មការ និង សាសនា បានធ្វើការណែនាំដល់គ្រប់មន្ទីរធម្មការនិងសាសនារាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈ ឲ្យបានល្អប្រសើរ ដោយត្រូវរៀបចំបោសសម្អាតបូជនីយដ្ឋាន ស្តូប កន្លែងតម្កល់អដ្ឋិធាតុ និងរៀបចំពិធីបង្សុកូលឧទ្ទិសកុសល ជាពិសេសត្រូវធ្វើការពាក់ម៉ាស់ វាស់កម្ដៅ រក្សាអនាម័យ សាងដៃជាមួយសាប៊ូ ឬ អាល់កុល ជែល និង រក្សាគម្លាតសុវត្ថិភាពសង្គម – បុគ្គល ជាពិសេសគឺត្រូវប្រកាន់ភ្ជាប់នូវវិធានការ៣កុំ និង ៣ការពារ ។ជាមួយគ្នានេះដែរ លោក វណ្ណ ប៊ុណ្ណា ប្រធានមន្ទីរធម្មការ និង សាសនាខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បីអនុវត្តតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ត និងក្រសួងធម្មការ និង សាសនា ឲ្យកាន់តែមានប្រសិទ្ធភាពនោះ កន្លងទៅថ្មីៗនេះ មន្ទីរបានធ្វើការអប់រំ ណែនាំ និង ផ្សព្វផ្សាយដល់ព្រះចៅអធិការវត្ត គណៈកម្មការ និង អាចារ្យវត្ត គ្រប់វត្តនៅទូទាំងខេត្ត ត្រូវចូលរួមអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាលឲ្យម៉ឺងម៉ាត់ ជាពិសេសវិធានការរបស់រាជរដ្ឋាភិបាល គឺ ៣កុំ និង៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ។ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរធម្មការ និង សាសនាខេត្តសៀមរាប បានធ្វើការអំពាវនាវដល់ព្រះសង្ឃ និង ប្រជាពុទ្ធបរិស័ទទាំងអស់ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខ ត្រូវបង្កើនការប្រុងប្រយ័ត្ន និង អនុវត្តវិធានការឲ្យខ្ជាប់ខ្ជួន ជាពិសេសក្នុងឱកាសនេះពិធីបោះបាយបិណ្ឌ ត្រូវបង្កើនការត្រួតពិនិត្យ ឬ ផ្អាកពិធីនេះ បើសិនជាមានការចាំបាច់ណាមួយជាដើម ៕ដោយ៖សេរី