ខេត្តរតនគិរី ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមឈ្មួញឆ្លៀតឱកាស ប្រើរូបភាពខ្ចីដៃប្រជាពលរដ្ឋ ជាជំហ៊ានៗ វាទីយកដីគំរបព្រៃ ព្រៃបំរុងទុក និងដីសហគមន៍ ស្ទើរគ្មានសល់ក្នុងខេត្តរតនគិរី ពិសេសក្នុងស្រុកកូនមុំ តាំងពីអាណត្តិ លោក សេក ហៃ ឡើងកាន់តំណែងជាអភិបាលស្រុកមក។
ជាការពិតណាស់នៅពេលនេះ គេឃើញដីព្រៃសហគមន៍ ភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ត្រង់ចំណុចភ្នំពក ត្រូវបានក្រុមឈ្មួញ កំពុងប្រើរូបភាព ឲ្យប្រពលរដ្ឋកាប់ជាបណ្ដើរៗ ជុំវិញជើងភ្នំ ចំណែកអាជ្ញាធរស្រុក សមត្ថកិច្ចជំនាញពាក់ព័ន្ធ គ្មានអ្នកណាម្នាក់ធ្វើដឹង ធ្វើឮនោះទេ។
ពាក់ព័ន្ធករណីកាប់ព្រៃសហគមន៍ រានយកដីនេះ លោក ព្រាប រស្មី ប្រធានសហគមន៍ព្រៃឈើ ភូមិ៣ ឃុំត្រពាំងច្រេស បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងអោយដឹងថា កន្លងទៅ លោកខំប្រឹងទប់ស្កាត់ណាស់ដែរ តែក្រុមបំផ្លាញព្រៃឈើនេះ ហាក់មិនកោតខ្លាចញញើត នឹងសំណាញ់ច្បាប់នោះឡើយ។ មិនតែប៉ុណ្ណោះក្រុមនោះថែមទាំងមានការគំរាមកំហែងមកដល់រូបគាត់ទៀតផង។ ម្យ៉ាងកាលពីកន្លងទៅ លោក ធ្លាប់បានធ្វើរបាយការណ៍ និងដាក់លិខិតជំរាបជូនទៅ ប៉ុស្តិ៍រដ្ឋបាល ក៏ដូចជាមេឃុំ ដើម្បីសុំកម្លាំងជួយការពារទប់ស្កាត់ តែជាការឆ្លើយតបមកវិញ គឺខាងប៉ុស្តិ៍ប្រាប់ថា កម្លាំងមានតិច ម្យ៉ាងមានបញ្ហាកូវីដ-១៩ ទៀតផង។
បើទោះជាលោក ព្រាប រស្មី ប្រធានសហគមន៍ បានប្រាប់អ្នកសារព័ត៌មានថា ធ្លាប់បានធ្វើរបាយការណ៍ជូនដល់ឃុំយ៉ាងណាក៏ដោយ លោកមេឃុំត្រពាំងច្រេសបានប្រាប់អ្នកសារព័ត៌មានយើងថា លោកមិនទាន់បានជ្រាបអំពីបញ្ហានេះទេ ។
ចំណែក លោក សេក ហៃ អភិបាលស្រុកកូនមុំ និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ស្រុក មិនអាចសុំការពន្យល់បាននោះទេ ដោយទូរស័ព្ទលោកដាក់ប្រព័ន្ធជាប់រវល់។
ដោយឡែក លោក ហុងភា នាយខណ្ទរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោកបានមានប្រសាសន៍ថា លោកមិនទាន់បានជ្រាបនៅក្នងរឿងនេះទេ ព្រោះដីព្រៃសហគមន៍ គឺខាងសហគមន៍ប្រជាពលរដ្ឋ ជាអ្នកគ្រប់គ្រងថែរក្សា។
បើតាមសេចក្តីរាយការណ៍បញ្ជាក់ពីប្រជាពលរដ្ឋ បានឲ្យដឹងថា បច្ចុប្បន្នជនឆ្លៀតឱកាសបានចូលទៅទន្ទ្រានកាប់រានផ្តួលរំលំព្រៃឈឺយ៉ាងរង្គាល ដោយគ្មានអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក និងអង្គភាពជំនាញពាក់ព័ន្ធណាមានវិធានការទប់ស្កាត់ឡើយ។ ម្យ៉ាងពាក់ព័ន្ធនឹងការកាប់រានដីព្រៃសហគមន៍យ៉ាងច្រើនខាងលើនេះ បើពុំមានខ្នងបង្អែកពីក្រោយនោះទេ គឺល្មមៗមិនអាចធ្វើទៅរួចនោះឡើយ។
ដោយទទួលបានសេចក្តីរាយការណ៍ពីមន្ត្រីមូលដ្ឋានច្បាស់លាស់ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ អង្គភាពសារព័ត៌មានយើងជាច្រើនអង្គភាព បានចុះទៅកាន់តំបន់ខាងលើ។ ជាក់ស្តែងឃើញថា ព្រៃសហគមន៍ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ កំពុងទទួលរងការបាត់បង់យ៉ាងធ្ងន់ធ្ងរពីសំណាក់ក្រុមជនខិលខូច ដែលបានកាប់ព្រៃឈើសហគមន៍រានយកដីរាប់ពាន់ហិកតា។
សូមបញ្ជាក់ថា ចាប់តាំងពីលោក សេក ហៃ ឡើងកាន់តំណែងជាអភិបាលស្រុកកូនមុំ ចាប់ពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន ដីព្រៃបំរុងទុករបស់រដ្ឋ ដីព្រៃសហគមន៍ ដីព្រៃការពាររាប់ពាន់ហិកតា ត្រូវបានកាប់ផ្តួលរំលំព្រៃឈើរានយកដី ដោយគ្មានវិធានការទប់ស្កាត់នោះទេ។ មានតែវិធានការឆ្លើយយកឡេះ ថាមិនដឹង ចាំឲ្យកម្លាំងចុះទៅមើល ទីបំផុតព្រៃទាំងនោះហិនហោចអស់ ចំណែកដីត្រូវមានម្ចាស់ ហើយជំនាញរាបចំឯកសារជូនស្របច្បាប់ទៀតផង៕ ដោយ៖សេរី