ខេត្តកែប៖សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងនគរបាលព្រហ្មទណ្ឌ, កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន, កម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងអធិការដ្ឋាននគរបាលក្រុង ស្រុក សហការជាមួយនគរបាលខេត្តកំពត បានបង្រ្កាបករណីឆក់ចំនួន៣លើកផ្សេងគ្នា នៅថ្ងៃតែមួយ(ខេត្តកែបចំនួន១លើក និងខេត្តកំពតចំនួន២លើក)។
ប្រតិបត្តិការនេះដកហូតបានមធ្យោបាយប្រព្រឹត្តបទល្មើសចំនួន ៩គ្រឿង(ម៉ូតូ) និងឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់។ ក្រោយចាប់ឃាត់ខ្លួនជនសង្ស័យខាងលើយើងបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីសាកសួរ។ ផ្អែកតាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យ ថាខ្លួនពិតជាបានប្រព្រឹត្តបទល្មើសឆក់កាបូប និងទូរសព្ទដៃកន្លងមកជាច្រើនលើកមកហើយ។ករណីខាងលើការិយាល័យជំនាញកំពុងបន្តស្រាវជ្រាវរកបក្ខពួកដែលពាក់ពន្ធ័និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន២នាក់ ប្រព្រឹត្តបទល្មើសនៅខេត្តកែប ទៅអយ្យការអមសាលាដំបូងខេត្តកែប និងជនសង្ស័យចំនួន៥នាក់ទៀត ដែលប្រព្រឹត្តបទល្មើសនៅខេត្តកំពត ប្រគល់ជូននគរបាលខេត្តកំពត ដើម្បីបន្តនីតិវិធីច្បាប់៕ដោយ៖វាយោ