សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា អាជ្ញាធរសង្កាត់ជ្រាវ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះបានប្រគល់សម្លៀកបំពាក់ឯកសណ្ឋានប្រជាការពារភូមិចំនួន៦០សម្រាប់ ជូនប្រជាការពារភូមិខ្នារ សម្រាប់ប្រើប្រាស់បម្រើការងារប្រចាំថ្ងៃ អោយបានសមរម្យ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពរបស់លោកគង់ ប៊ឹប ចៅសង្កាត់គ្រោងទី១នៃសង្កាត់ជ្រាវ និងលោកវរសេនីយ៍ទោ ឃឹម ផល្លា អធិការរងនគរបាលក្រុងសៀមរាប ព្រមទាំងលោក,លោកស្រីមួយចំនួនចូលរួមផងដែរ។
ថ្លែងក្នុងពិធីផ្ដល់អំណោយនេះលោកគង់ ប៊ឹប ចៅសង្កាត់រងទី១ នៃសង្កាត់ជ្រាវ បានឱ្យដឹងថា សម្លៀកបំពាក់ជាឯកសណ្ឋានប្រជាការពារទាំងអស់នេះ បានមកពីការចូលរួមរបស់សប្បុរសជនតាមរយៈលោកផ្ទាល់ ហើយក្រៅពីការប្រគល់ជូនប្រជាការពារនៅក្នុងភូមិខ្នារនេះ លោកនឹងនាំយកសម្លៀកបំពាក់ជាឯកសណ្ឋានប្រជាការពារ ទៅចែកជូនដល់បងប្អូនប្រជាការពារតាមបណ្ដាភូមិផ្សេងៗទៀត ឲ្យបានគ្រប់គ្នានៅក្នុងសង្កាត់ជ្រាវ ដែលមានចំនួន២០០នាក់ ។
លោកបានបញ្ជាក់ទៀតថា ដោយមើលឃើញការលំបាករបស់បងប្អូនប្រជាការពារ ដែលរយៈកាលកន្លងមក មានសម្លៀកបំពាក់ត្រឹមតែមួយសម្រាប់ ហើយមិនមានសម្លៀកបំពាក់ក្នុងការផ្លាស់ប្ដូរយាមកាមតាមគោលដៅដែលបានកំណត់ដោយអាជ្ញាធរសង្កាត់ជ្រាវក្នុងតំបន់បិទខ្ទប់ ទើបលោកព្យាយាមគៀងគរពីសប្បុរសជនផ្សេងៗ ដើម្បីបានបន្ថែមជូនដល់ពួកគាត់ ។
ក្នុងឱកាសនេះដែលលោកចៅសង្កាត់រងទី១បានសំណូមពរឱ្យបងប្អូនប្រជាការពារបន្តចូលរួមថែរក្សាសុខភាព ដើម្បីចូលរួមការពារតំបន់បិទខ្ទប់ នៅក្នុងសង្កាត់ជ្រាវ ដែលអាជ្ញាធរខេត្តក្រុងបានកំណត់ជាតំបន់ក្រហម ជាពិសេសសុំឱ្យពលរដ្ឋចូលរួមអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល ពិសេសវិធានការរបស់រាជរដ្ឋាភិបាល គឺ៣កុំ ៣ការពារ ឲ្យបានជាប់ជានិច្ច ដើម្បីកាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។
លោកបានគូសបញ្ជាក់ផងដែរថាក្នុងនាមថ្នាក់ដឹកនាំតែងតែគិតគូរដល់បងប្អូនប្រជាការពារភូមិទាំងអស់នៃសង្កាត់ដែលបានប្រឹងប្រែងធ្វើការដើម្បីរក្សាសន្តិសុខក្នុងមូលដ្ឋានឲ្យមានស្ថេរភាពនិងធ្វើឲ្យពលរដ្ឋមានសេចក្តីសុខនិងទំនុកចិត្ត៕ដោយ៖ភក្តី