សៀមរាប ៖លោកឧត្តមសេនីយ៍ត្រី អ៊ុំ ចំរើន ស្នងការរង ទទួលការិយាល័យផ្សព្វផ្សាយនិងអប់រំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅយប់ថ្ងៃទី២៩ កញ្ញា ២០២១(ជាយប់ទី១៤)នៃការបិទខ្ទប់ និងដោយទទួលបទបញ្ជារពីលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ដែលបានប្រគល់ឲ្យលោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរងទទួលផែនការងារសេនាធិការ ដឹកនាំកម្លាំងចម្រុះរួមមាន៖ ចរាចរណ៍ ,ផ្សព្វផ្សាយអប់រំ, ព្រហ្មទណ្ឌកំរិតធ្ងន់, និងអន្តរាគម៍ ល្បាតតាមភូមិសាស្ត្រនៃតំបន់ក្រហម ។
ដើម្បីឲ្យកិច្ចការមានភាពរលូន សមត្ថកិច្ចបានចុះអប់រំណែនាំតែដោយស្ថានភាពមិនថមថយ សមត្ថកិច្ចបង្ខំចិត្តអនុវត្តន៍តាមច្បាប់ចំពោះបុគ្គលណាម្នាក់មិនគោរពតាម។ ចំពោះបទបញ្ជានៃការរឹតបន្តឹងនេះ ត្រូវបានដាក់ចេញនៅចុងសប្តាហ៍ទី២ ខណៈរដ្ឋបាលខេត្ត បានបន្តកំណត់សង្កាត់ចំនួន ៤ នៃក្រុងសៀមរាប ស្ថិតក្នុងតំបន់ក្រហម និងបានដកភូមិមួយចំនួនចេញពីតំបន់ក្រហម មកជាតំបន់លឿងទុំបណ្ដោះអាសន្នវិញ។
សូមរំលឹកដែរថា ក្នុងសប្តាហ៍ទី១កន្លងទៅ វិធានរដ្ឋបាលដែលត្រូវបានអនុវត្ត គឺត្រឹមតែការឃាត់ទុកមធ្យោបាយធ្វើដំណើរដែលបានធ្វើចរាចរណ៍ល្មើសបំរាម និងមានការផាកពិន័យជាប្រាក់តែប៉ុណ្ណោះ មិនមានការឃាត់ខ្លួនម្ចាស់យានយន្តទាំងនោះទេ ក៏ប៉ុន្តែការរឹតបន្តឹងនៅពេលនេះ នឹងធ្វើការឃាត់ខ្លួនម្ចាស់យានយន្តល្មើសបំរាម និងអាចឈានទៅទទួលទោសទណ្ឌតាមច្បាប់ដែលបានកំណត់ដោយរាជរដ្ឋាភិបាលផងដែរ។
ការចេញបទបញ្ជារឹតបន្តឹងបន្ថែមនេះ គឺយោងតាមការពិនិត្យឃើញថា បងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ក្នុងក្រុងសៀមរាប ពុំបានអនុវត្តត្រឹមត្រូវតាមសេចក្ដីណែនាំរបស់អាជ្ញាធរ ដែលជាវិធានការរដ្ឋបាល បិទខ្ទប់តំបន់ក្រហមនិងតំបន់លឿងទុំ ពិសេសគឺការបំពានបំរាមចេញពីលំនៅដ្ឋានជាដើម ដែលបានបង្កឱ្យការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ពុំមានប្រសិទ្ធភាពឆ្លើយតបទៅតាមផែនការ ដែលគ្រោងនឹងបន្តដកភូមិមួយចំនួនទៀត ចេញពីតំបន់ក្រហម។
សូមបងប្អូនប្រជាពលរដ្ឋនៃក្រុងសៀមរាប មេត្តាចូលរួមគោរពតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលដើម្បីឱ្យក្រុងសៀមរាប ប្រែក្លាយទៅជាតំបន់ទេសចរណ៍ដ៏ល្អប្រសើរនិងទាក់ទាញឡើងវិញ៕ដោយ៖ភក្តី