ខេត្តរតនគិរី៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តរតនគិរី។ ពិធីប្រកាសនេះធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែតុលាឆ្នាំ២០២១ មានការអញ្ជើញចូលរួមពីឯកឧត្តម ជៀង អំ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តរតនគិរី ជាច្រើនរូបទៀតផងដែរ។
តាមព្រះរាជក្រឹត្យព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំងឯកឧត្តម ញ៉ែម សំអឿន ជាអភិបាល នៃគណៈអភិបាលខេត្តរតនគិរី ខណៈដែលអតីតអភិបាលខេត្តរតនគិរី ឯកឧត្តម ថង សាវុន ត្រូវបានត្រាស់បង្គាប់ផ្ទេរភារកិច្ច ពីអភិបាលរតនគិរីទៅជាអភិបាលខេត្តមណ្ឌលគិរី។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ ដល់កងកម្លាំងចំណុះរដ្ឋបាលខេត្តរតនគិរី ដែលបានខិតខំយកចិត្តទុកដាក់បម្រើជាតិ និងប្រជាជន ពិសេសការខិតខំអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងខិតខំបំពេញភារកិច្ចជាច្រើនទៀតដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តកន្លងមក។
សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់អំពីកិច្ចការសំខាន់ៗ ដែលរដ្ឋបាលខេត្តរតនគិរី ត្រូវយកចិត្តទុកដាក់នាពេលបន្ទាប់ខាងមុខនេះ ដូចជាការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តជាដើម។
ជាមួយគ្នានេះសម្ដេចក៏បានគូសបញ្ជាក់ អំពីការការពារសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដែលជាគន្លឹះ នាំឱ្យវិស័យផ្សេងៗ ដំណើរការទៅបាន។ សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានជាប្រចាំ ដើម្បីរួមចំណែកពង្រឹងសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់។ សម្ដេចក្រឡាហោម ក៏បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ សូមខិតខំប្រមូលបញ្ហានានា របស់ប្រជាពលរដ្ឋ យកមកដោះស្រាយឱ្យមានតម្លាភាព យុត្តិធម៌ ដើម្បីឲ្យពលរដ្ឋមានភាពកក់ក្ដៅក្នុងសង្គម។
ឯកឧត្តម ញ៉ែម សំអឿន ដែលទើបប្រកាសចូលកាន់តំណែងថ្មីបានប្ដេជ្ញាចិត្ត លើកកម្ពស់សេវាសង្គម កសាង កែលម្អ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ស្របតាមការអភិវឌ្ឍនៅមូលដ្ឋាន ប្រកបដោយសមធម៌ និងមានចីរភាព ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ ជាពិសេសបន្តដោះស្រាយទំនាស់ដីធ្លី និងករណីទំនាស់ផ្សេងៗទៀត ក្រៅប្រព័ន្ធតុលាការ ដើម្បីការពារប្រយោជន៍ស្របច្បាប់ របស់ប្រជាពលរដ្ឋ ព្រមទាំង ខិតខំ និងបន្តពង្រឹងផ្សព្វផ្សាយជំរុញ ឲ្យចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីរួមគ្នារក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕