សៀមរាប៖បើតាមបណ្ដឹងអនាមិកដែលគ្មានឈ្មោះ ហើយអះអាងថាជាមន្ត្រីនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ពួកគាត់សំណូមពរឲ្យថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ មេត្តាពិនិត្យមើលការងារដឹកនាំរបស់លោកវរសេនីយ៍ឯកលឹម សម្បត្តិ និងប្តូរតំណែងចេញពីអធិការនគរបាលស្រុកប្រាសាទបាគង។ពាក់ព័ន្ធករណីនេះដែរ លោកលឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានច្រានចោលទាំងស្រុង នៅការចោទប្រកាន់ដោយគ្មានមូលដ្ឋានត្រឹមត្រូវ។
នៅក្នុងពាក្យបណ្ដឹង បានលើកឡើងថា លោកវរសេនីយ៍ឯក លឹម សម្បត្តិ រួមនឹងបក្សពួក បានប្រព្រឹតអំពើពុករលួយស៊ីសំណូក និងគ្មានសមត្ថភាពធ្វើការងារបំរើប្រជាពលរដ្ឋ ជាពិសេសពូកែគម្រាមទាប្រាក់ពីអ្នកលេងល្បែងស៊ីសង ខណៈដែលចាប់ជនសង្ស័យយកទៅសួរចំលើយដល់អធិការរដ្ឋាន។ ចាប់តាំងពីលោកអធិការ លឹម សម្បត្តិ បានចូលមកកាន់មុខដំណែងជាអធិការ នគរបាលស្រុកប្រាសាទបាគង នៅក្នុងចុងឆ្នាំ២០១៩ មកនោះ គឺលោកបានធ្វើអោយមន្ដ្រីនគរបាលជាតិ នៅក្នុងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ទាំងមូលមានការបែកបាក់សាមគ្គីភាពផ្ទៃក្នុង ដោយសារលោកអធិការ លឹម សម្បត្តិ ប្រកាន់យកបក្សពួកនិយម អួតអាងថាបើមន្ត្រីណាដែលចេះអែបអបរូបគាត់ គាត់នឹងការពារទោះមានកំហុសឆ្គងយ៉ងណាក៏មិនអាចដកបាន ព្រោះគាត់មានខ្សែរខ្នងធំៗចាំជួយខ្លួននៅពីក្រោយ ហើយបានប្រព្រឹត្តអំពើ ពុករលួយខុសច្បាប់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។នៅក្នុងបណ្តឹងនោះបន្តថា លោកអធិការរូបនោះ បានកោះហៅមេប៉ុស្តិ៍ទាំង៩ ក្នុងស្រុក មកប្រជុំដើម្បីតម្រូវយកប្រាក់ ដែលជាប្រាក់គោលនយោបាយភូមិឃុំមានសុវត្ថិភាពក្នុង ១ប៉ុស្តិ៍ ៥០ម៉ឺនរៀល ដោយមិនអាចប្រកែកតវាបានឡើយ។ ដំឡើងអង់តែនវិទ្យុទាក់ទងប្រភេទអ៊ុយ តម្រូវយកប្រាក់ក្នុង១ ប៉ុស្តិ៍១០០ ដុល្លារ និងអធិការរងទទួលខ្លះ៥០ដុល្លាទៅ១០០ ដុល្លាជាកំហិត ហើយបើចង់ប្រើប្រាស់អាយកូមប្រភេទអង់តែនដែលកំពុងតែដំឡើងនេះទាល់តែទិញតាម រយ:លោកអធិការក្នុងតម្លៃ ២២ដុល្លាទើបគាត់អនុញាត្តិអោយប្រើ។
ពាក់ព័ន្ធនឹងបណ្តឹងដែលគ្មានឈ្មោះមានតែមេដៃនេះដែរ លោកវរសេនីយ៍ឯកលឹមសម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី១៩តុលានេះថា ករណីបណ្ដឹងខាងលើក្រុមការងារនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះមកស៊ើបអង្កេតនិងស្រាវជ្រាវនៅអធិការរដ្ឋាននគរបាលស្រុកនារសៀលនេះហើយ។លោកបញ្ជាក់ចំណុចខ្លះៗនៅក្នុងអត្ថន័យបណ្ដឹងខាងលើថា រាល់ការស្នើសុំដើម្បីកសាងប៉ុស្តិ៍ដូចជាអង់តែនវិទ្យុទាក់ទង លោកបានប្រជុំជាមួយនឹងនាយប៉ុស្តិ៍និងអធិការរងទាំងអស់ដើម្បីរួមគ្នាកសាងសមិទ្ធផលនានានៅក្នុងអធិការដ្ឋាន ដើម្បីឲ្យមានការរីកចម្រើន។ផ្ទុយទៅវិញលោកមិនដែលបានតម្រូវឲ្យមន្ត្រីនគរបាល ណាម្នាក់បង់លុយតាមការបង្ខិតបង្ខំនោះទេ គឺសុទ្ធតែមានការឯកភាពគ្នាទាំងអស់គ្នា។ចំពោះរឿងផឹកស៊ីគឺលោកមិនដែលបាននាំកូនចៅណាម្នាក់ផឹកស៊ីនោះទេ នេះគឺជាការចោទប្រកាន់ទាំងងងើលដោយគ្មានមូលដ្ឋានត្រឹមត្រូវ។លោកបញ្ជាក់ថា លោកមកធ្វើការនៅទីនេះមានតែការប្រឹងប្រែងដើម្បីអង្គភាព និងចង់ឃើញមិត្តរួមការងារមានការរីកចម្រើនតែប៉ុណ្ណោះ។លោកបញ្ជាក់ថា ករណីនេះសូមមហាជននិងបងប្អូនអ្នកសារព័ត៌មានទាំងអស់មេត្តាកុំទាន់វិន្និឆ័យដោយខ្វះការពិត សូមរង់ចាំថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្រាវជ្រាវឲ្យច្បាស់លាស់សិន។
ជុំវិញករណីនេះដែរលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្ដសៀមរាប បានឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៩ខែតុលានេះថា ករណីបណ្ដឹងខាងលើនេះ លោកបានចាត់តាំងឲ្យនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះស្រាវជ្រាវលើកបញ្ហានេះហើយតែនៅមិនទាន់ដឹងលទ្ធផល រង់ចាំស៊ើបអង្គេតឲ្យលម្អិតសិន៕ដោយ៖ភក្តី