អន្តរជាតិ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ជំនួបកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN) ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះតាមប្រព័ន្ធអនឡាញ ដែលសម្របសម្រួលដោយប្រទេសព្រុយណេ ប្រធានប្តូរវេន បានបញ្ចប់ទៅដោយមិនមានមេដឹកនាំ ឬអ្នកតំណាងមកពីសហភាពមីយ៉ានម៉ានោះទេ ។
ប្រទេសជប៉ុន សហរដ្ឋអាមេរិក ចិន និងប្រជាជាតិផ្សេងទៀតក៏បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ អាស៊ាន នេះផងដែរ តែសហភាពមីយ៉ាន់ម៉ា ដែលជាសមាជិកមួយក្នុងចំណោមសមាជិកទាំង ១០នៃប្លុកនេះ មិនត្រូវបានអញ្ជើញរអញ្ជើញអោយចូលរួមនោះទេ ដែលនេះជាសកម្មភាពដ៏កម្រមានណាស់សម្រាប់សមាជិកអាស៊ានដែលរំលងកិច្ចប្រជុំបែបនេះ ។
ព្រះមហាក្សត្រស៊ូលតង់ Hassanal Bolkiah របស់ប្រទេសព្រុយណេ ដែលជាប្រធានអាស៊ាន បានមានព្រះបន្ទូលបន្ទាប់ពីកិច្ចប្រជុំកំពូលថា មីយ៉ាន់ម៉ានៅតែជាផ្នែកសំខាន់មួយនៃគ្រួសារអាស៊ាន។ ព្រះអង្គក៏បានសម្តែងក្តីសង្ឃឹម ផងដែរ ថា សហភាពមីយ៉ាន់ម៉ានឹងវិលមករកភាពប្រក្រតីឡើងវិញ ស្របតាមឆន្ទៈរបស់ប្រជាជន និងការអនុវត្តទាន់ពេលវេលានៃកិច្ចព្រមព្រៀងកូសង់ស៊ីស៥ចំណុច។
មេដឹកនាំអាស៊ាន និងយោធាមីយ៉ានម៉ាបានយល់ព្រមលើការឯកភាពគ្នាកាលពីខែមេសា ដើម្បីបញ្ចប់អំពើហិង្សាក្នុងប្រទេស ដែលបានបន្តចាប់តាំងពីរដ្ឋប្រហារក្នុងខែកុម្ភៈ ដែលការឯកភាពគ្នានេះ រួមមានដំណើរទស្សនកិច្ចទៅកាន់ប្រទេសនេះ របស់បេសកជនពិសេសអាស៊ាន ដើម្បីសម្របសម្រួលកិច្ចសន្ទនារវាងយោធា និងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែយោធាបានច្រានចោលចំពោះដំណើរទស្សនកិច្ចនេះ ៕ដោយ៖សេរី