*បច្ចុប្បន្នថ្នាក់ដឹកនាំបានបញ្ជាឱ្យសមត្ថកិច្ចបញ្ជូនជនល្មើសទៅតុលាការដើម្បីមានវិធានការតាមផ្លូវច្បាប់…
ភ្នំពេញ៖សមត្ថកិច្ចបានឲ្យដឹងថាមានហេតុការណ៍ បង្កភ្ញាក់ផ្អើល មួយបានកើតឡើងកាលពីវេលាម៉ោង០១ និង៥០នាទី រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧កែង និងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបន្តថា មុនពេលហេតុការណ៍នេះបានកើតឡើង កម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោក នៅចំណុចគោលដៅក្រោមស្ពានអាកាសស្ទឹងមានជ័យ តាមការណែនាំរបស់លោកស្នងការនគរបាលរាជធានីភ្នំពេញ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BG- 5792 ជិះដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ដែលពាក់អាវស ខាងលើ គ្មានកញ្ចក់ ក្នុងទិសដៅពីកើត ទៅលិច បម្រុងបត់ឆ្វេង តែឃើញសមត្ថកិច្ច បែរជាបត់ត្រឡប់ក្រោយជិះបញ្រ្ចាសទិសចរាចរណ៍រកបុកគេឯងថែមទៀត ទើបសមត្ថកិច្ចឃាត់បានដួលម៉ូតូ តែមិនមានរងរបួសអ្វីនោះទេ បន្ទាប់មកបុរសខាងលើ រកវាយសមត្ថកិច្ចនិងបញ្ចេញកាយវិការក្រអឺតក្រទម ចង្អុល ប្រើសម្តីគ្មានសីលធម៌ ទៅលើសមត្ថកិច្ចចរាចរណ៍ជាច្រើនរូប ថែមទាំងនិយាយថាឲ្យសមត្ថកិច្ចប្រយត្ន័ធ្លាក់ស័ក្តិចេញពីស្មារ ថែមទៀតផង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចប្រចាំគោលដៅខាងលើ បានរាយការណ៍និងសុំគោលការណ៍ពីថ្នាក់លើ បញ្ជូនបុរសរូបនេះ ទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនិតិវិធីច្បាប់។បច្ចុប្បន្នថ្នាក់ដឹកនាំបានបញ្ជាឱ្យសមត្ថកិច្ចបញ្ជូនជនល្មើសទៅតុលាការដើម្បីមានវិធានការតាមផ្លូវច្បាប់។ក្នុងនោះថ្នាក់ដឹកនាំក៏បានបញ្ជាឲ្យស្នងការនៅតាមបណ្ដាខេត្តក្រុង ត្រូវមើលសាច់រឿងគំរូបែបនេះ ហើយត្រូវអនុវត្តន៍អោយមានប្រសិទ្ឋភាព កុំឈ្លោះនឹងជនល្មើសតែត្រូវម៉ត់ចត់ថែមទៀត៕ដោយ៖វាយោ