ខេត្តសៀមរាប៖នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសនៃក្រុមប្រឹក្សាខេត្តសៀមរាប នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ ត្រូវបានកំណត់របៀបវារៈចំនួន៤ជាសំខាន់ ដោយសំដៅទៅលើការប្រើប្រាស់វិធានការចាំបាច់នានា ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ដែលក្នុងនោះគឺសំដៅទៅលើការធានាលើកកម្ពស់ប្រសិទ្ធភាពបង្ក្រាបបទល្មើស ដើម្បីទប់ស្កាត់ការបាត់បង់ព្រៃឈើបន្តទៀត ក្រោមអធិបតីភាព លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដល់ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសនៃក្រុមប្រឹក្សាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោកស្នងការ តំណាងមេបញ្ជាការអាវុធហត្ថ តំណាងមេបញ្ជាការសឹករងខេត្ត តំណាងអាជ្ញារធជាតិអប្សរា ប្រធាន/អនុប្រធានមន្ទីអង្គភាព អភិបាល/អភិបាលរងក្រុងស្រុកទាំង១២ និងមន្រ្តីពាក់ព័ន្ធទាំងអស់។
លោក អភិបាលរងខេត្ត បានលើកឡើងថា កិច្ចប្រជុំនេះ មានរបៀបវរះ៥ចំណុចដូចខាងក្រោមះ
ទី១ ការត្រួតពិនិត្យ និងពិភាក្សាអំពីការដឹកជញ្ជូនឈើតាម រទេះ និងគោយន្តកន្រ្តៃនៅក្នុងតំបន់ ឬឆ្លងកាត់តំបន់ការពារធម្មជាតិ។កិច្ចការនេះគឺជាភារកិច្ចពហុវិស័យ ដូចនេះមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងកិច្ចសហការអោយមានភាពទន់ភ្លន់និងបត់បែនទៅតាមស្ថានភាព ដែលបងប្អូនប្រជាពលរដ្ឋបានធ្វើការដឹកជញ្ជូនក្នុងការប្រើប្រាស់ក្នុងគ្រួសារនិងធ្វើអាជីវកម្ម។
ទី២ កិច្ចប្រជុំបានធ្វើដំណើរលើក ម្យ៉ាងទៀត បញ្ហាធ្វើឡធ្យូងក្នុងតំបន់ដែនជម្រកសត្វព្រៃនៅក្នុងភូមិសាស្រ្តនៃស្រុកជីក្រែង មិនត្រឹមតែប្រើប្រាស់ក្នុងសហគមន៍នោះទេ តែបែរជាធ្វើអាជីវកម្មនាំចេញទៅខេត្តកំពង់ធំទៅវិញ ដែលតម្រូវអោយ មន្ត្រីពាក់ព័ន្ធត្រូវចាត់វិធានការកាត់បន្ថយ ដោយប្រើវិធានការអប់រំ ណែនាំ មុនឈានដល់ការបង្រ្កាប។
ទី៣ លោក អភិបាលរងខេត្ត បានបន្តថា ដើម្បីពង្រឹងការអនុវត្តលិខិតរបស់រដ្ឋបាលខេត្តលេខ ១៤៣៧ សជណ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការចាត់វិធានការបញ្ឈប់ទីតាំងរោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែច្នៃឈើនៅក្នុង និង នៅក្រៅតំបន់ការពារធម្មជាតិ អាជ្ញាធរក្រុង-ស្រុក មន្ទីរជំនាញ និងសមត្ថកិច្ចត្រូវសហការអនុវត្ត។ បើយោងតាមតារាងបញ្ជីទន្នន័យទីតាំងកែច្នៃឈើទាំងនោះ នៅក្នុងឬនៅក្បែរតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ ក្នុងភូមិសាស្ត្រខេត្តសៀមរាប គិតត្រឹមខែកញ្ញាឆ្នាំ២០២១ រកឃើញមានចំនួន១៤៦ទីតាំង ដែល៣ទីតាំងមានច្បាប់អនុញ្ញាតត្រឹមត្រូវ។
ទី៤ លោកអភិបាលរងខេត្ត ក៍បានណែនាំអោយអាជ្ញាធរមូលគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការឲ្យបញ្ឈប់ជាបន្ទាន់ និងមោឃភាព នូវរាល់ការចុះហត្ថលេខា ឬការបញ្ជាក់ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ជាអាទិ៍ ដែលធ្វើឡើងនៅលើដីក្នុងតំបន់ការពារធម្មជាតិ និងក្នុងរបៀងអភិរក្សជីវៈចម្រុះ ដែលក្រសួងបរិស្ថានក៏បាន ព្រមានផងដែរ ចំពោះរដ្ឋបាលឃុំ-សង្កាត់ណា ដែលនៅតែបន្តបំពានចុះហត្ថលេខា ផ្តល់ជាកម្មសិទ្ធិឯកជន ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះក្នុងដែនសមត្ថកិច្ចរបស់ខ្លួន នឹងចាត់វិធានការយ៉ាង ម៉ឺងម៉ាត់តាមផ្លូវច្បាប់។
ទី៥ ពិនិត្យ និងធ្វើបច្ចុប្បន្នភាព នៃការដោះស្រាយលើបញ្ជីសំណួរ-សំណូមពរ ដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០១៩ និង២០២០។
ប្រភពបានឲ្យដឹងថា ទោះជាថ្នាក់ដឹកនាំនៃខេត្តសៀមរាប ប្រជុំដាក់ផែនការដល់មន្ត្រីជំនាញដើម្បីទប់ស្កាត់បទល្មើសព្រៃឈើយ៉ាងណា ក៏គេសង្គេតឃើញថាបទល្មើសព្រៃឈើក្នុងខេត្តសៀមរាប នៅតែបន្តកើតមានដូចកណ្តៀ។ ប្រភពបន្តថា ចំពោះពលរដ្ឋពិតជាមានការពិបាកក្នុងការរករបរដឹកជញ្ជូនឈើណាស់ព្រោះត្រូវបង់លុយច្រើន ហើយពេលខ្លះត្រូវគេចាប់ចងថែមទៀត។ ចំណែកអ្នកមាន អំណាច(ខ្សែ)វិញគេអាចដឹកជញ្ជូនឈើឬក៏ឈូសឆាយព្រៃយកភ្នំបានដោយរលូន៕ ដោយ ភក្តី