Thursday, March 28, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យបញ្ឈប់ការដាក់ដេញថ្លៃនាំចូលជ្រូករស់មកកម្ពុជា!

ភ្នំពេញ៖បើតាមលិខិតចុះកាលពីថ្ងៃទី១៥​ ខែកុម្ភៈ ឆ្នាំ ២០២២ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានស្នើសុំលុបចោលនីតិវិធី ដេញថ្លៃជ្រូករស់សម្រាប់នាំចូល មកកាន់ប្រទេសកម្ពុជា ដែលបានរៀបចំដោយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

  នៅក្នុងលិខិតនោះបានឲ្យដឹងថា ការរៀបចំឲ្យមាននីតិវិធី ដេញថ្លៃនាំចូលជ្រូករស់មកកាន់កម្ពុជានេះ ធ្វើឲ្យមានផលប៉ះពាល់ និងបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ ដល់អ្នកវិនិយោគ និងអ្នកចិញ្ចឹមជ្រូក​ក្នុងស្រុក ដែលផ្ទុយពីអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានមានប្រសាសន៍ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅនេះ គឺកាត់បន្ថយការនាំចូល ជំរុញការដាំដុះបន្លែ ចិញ្ចឹមត្រី និងចិញ្ចឹមសត្វ។

    កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២២កន្លងទៅនេះលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញលិខិតជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានសម្រេចច្រានចោល ចំពោះសំណើសុំផ្អាកការផ្តួចផ្តើម លើការរៀបចំនីតិវិធីដេញថ្លៃ សម្រាប់ការនាំចូលជ្រូករស់មកកាន់ប្រទេសកម្ពុជា។ 

នៅក្នុងលិខិតនោះ បានលើកឡើងថា ការរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា គឺជាឧបករណ៍មួយចាំបាច់ សម្រាប់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកដោះស្រាយបញ្ហា ក្នុងវិស័យជ្រូកជារួម និងម្យ៉ាងទៀតធានានិរន្តរភាព នៃការចិញ្ចឹមជ្រូករបស់កសិករ និងក្រុមហ៊ុនក្នុងស្រុក ដើម្បីធានាស្ថិរភាពថ្លៃសាច់ជ្រូកក្នុងទីផ្សារ ស្របនឹងគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយសម្ពាធថ្លៃម្ហូប អាហារនៅលើទីផ្សារ ក្នុងបរិបទនៃប្រក្រតីភាពថ្មី ក្នុងការរស់នៅជាមួយនឹងជំងឺកូវីដ-១៩ ផងដែរ។ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានប្រាប់អ្នកកាសែតឲ្យដឹងថា ការដាក់លិខិតទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចនេះ បន្ទាប់ពីមានប្រតិកម្មពីប្រជាកសិករ នៅទូទាំងប្រទេស។លោកបន្ថែមថា សត្វជ្រូករបស់ពួកគាត់កំពុងតែកកស្ទះ និងលក់មិនទាន់រួចថ្លៃដើមផងនោះ ហេតុអ្វីបានជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ដេញថ្លៃគោលការណ៍ នាំចូលជ្រូករស់មកកាន់ប្រទេសកម្ពុជា។

  ពាក់ព័ន្ធករណីនេះដែរក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២ ក៏បានលើកឡើងថា អនុវត្តតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជុំវិញការពិនិត្យលទ្ធភាព កាត់បន្ថយការនាំចូល និងបង្កើនការដាំដុះបន្លែ ចិញ្ចឹមត្រី និងសត្វ កាលពីដើមឆ្នាំ ២០២០នោះ ក្រសួងបានចេញគោលការណ៍គ្រប់គ្រង ការនាំចូលជ្រូករស់ពីបរទេស មកផ្គត់ផ្គង់ទីផ្សារកម្ពុជា តាំងពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២០ ដើម្បីទប់ស្កាត់ជំងឺឆ្លងដែនសត្វ ពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក និងទប់ស្កាត់ការនាំចូលជ្រូករស់លើសតម្រូវការ មកបំផ្លាញអ្នកចិញ្ចឹម និងធានាស្ថិរភាពតម្លៃជ្រូករស់លើទីផ្សារ។

  គេរំពឹងថា​ទៅថ្ងៃមុខកម្ពុជានឹងអាចផ្គត់ផ្គង់សាច់សម្រាប់តម្រូវការបានជាក់ជាមិនខាន៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម