ខេត្តសៀមរាប៖ យោងតាមពាក្យបណ្តឹងលេខ:២១២ ចុះថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២២ ម៉ោង៥និង០០នាទី ដោយមានកម្មវត្ថុ គឺលោកស្រី លី អុំអេង ស្នើដាក់ពាក្យបណ្តឹងប្តឹងលោក ឃឹម ហ្វីណង់ ជាអភិបាលស្រុកបន្ទាយស្រីទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ពីបទ “ញុះញង់ រំលោភលើកម្មសិទ្ធិឯកជន” និងបទ “មិនគោរពតាមសេចក្ដីសម្រេចរបស់តុលាការ” ប្រព្រឹត្តនៅភូមិវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ ដែលពាក្យបណ្តឹងនេះបានធ្វើកាលពីថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២២ ដោយមានស្នាមមេដៃ និងឈ្មោះរបស់អ្នកស្រី លី អអេង ជាដើមបណ្តឹង។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ខែកុម្ភៈនេះថា បន្ទាប់ពីលោកស្រី លី អ៊ុំអេង បានបង្ហោះក្នុងបណ្តាញសង្គម និងដាក់ពាក្យបណ្តឹងរូបលោកទៅកាន់ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប រួចមកទើបធ្វើការបកស្រាយតបត និងធ្វើរបាយការណ៍ទៅតុលាការ និងរដ្ឋបាលខេត្តដើម្បីឲ្យបានជ្រាបរឿងហ្នឹង។
លោកបន្តថា ការដោះស្រាយទំនាស់ដីធ្លី គឺជាការបំពេញតួនាទីរបស់លោកក្នុងនាមជាអភិបាលស្រុក ដោយឈរលើគោលការណ៍ច្បាប់ ភាពមិនលម្អៀង និងតម្លាភាព។ ហើយតំបន់ដែលមានវិវាទ គឺជាតំបន់ដែលស្ថិតនៅក្រោមគម្របព្រៃឈើឆ្នាំ ២០០២ ដែលនៅតែជាដីសាធារណៈរបស់រដ្ឋនៅឡើយ មិនមែនជាកម្មសិទ្ធិឯកជននោះទេ បើទោះជាមានការកាន់កាប់អាស្រ័យផលជាក់ស្តែងក៏ដោយ។ តំបន់ទាំងនេះ តែងមានការទាមទារត្រួតគ្នា ឯកសារជាន់គ្នា ព្រំប្រទល់មិនច្បាស់លាស់ សម្បូរទៅដោយវិវាទ និងមានភាពស្មុគស្មាញខ្លាំង ដែលទាមទារឲ្យមានការប្រមូលទិន្នន័យឲ្យបានច្បាស់លាស់ មុននឹងការដោះស្រាយទំនាស់អាចដំណើរការទៅបាន។
លោក ឃឹម ហ្វីណង់ បានឲ្យដឹងទៀតថា រដ្ឋបាលស្រុកបន្ទាយស្រី បានប្រកាសជាចំហ និងបានជូនដំណឹងជាសាធារណៈតាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ ២០២២ ទៅដល់គ្រប់ម្ចាស់ដីទាំងអស់ នៅក្នុងតំបន់ដែលតែងតែមានវិវាទខាងលើ រួមទាំងលោកស្រី លី អ៊ុំអេង ឲ្យផ្តល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់អាស្រ័យផលលើដីរបស់ខ្លួន ទោះបីគិតថាមាន ឬគ្មានវិវាទក៏ដោយ ដើម្បីផ្តល់ជាមូលដ្ឋានឲ្យរដ្ឋបាលស្រុកមានទិន្នន័យពេញលេញជាលក្ខណៈប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ក្នុងការពិនិត្យដោះស្រាយបញ្ចប់វិវាទទាំងឡាយនៅក្នុងតំបន់ ដែលមានភាពស្រពិចស្រពិលមួយនេះ មុននឹងបញ្ចូនករណីទាំងនេះទៅរាជរដ្ឋាភិបាលស្នើសុំការកាត់ឆ្វៀលចេញពីគម្របព្រៃឈើ និងសម្រេចថាតើអាចធ្វើប្រទានកម្ម ជូនដីដែលដោះស្រាយទំនាស់ចប់ហើយនេះបាន ឬយ៉ាងណា។
លោកបន្ថែមថា ការប្រមូលទិន្នន័យដើម្បីដោះស្រាយវិវាទ គឺជាសិទ្ធិស្របច្បាប់របស់អាជ្ញាធរមូលដ្ឋាន ជាពិសេស ប្រសិនបើដីទាំងនោះ គឺជាដីសាធារណៈរបស់រដ្ឋនៅឡើយ មិនមែនជាការញុះញង់ដូចការចោទប្រកាន់នោះទេ ហើយក៏មិនមែនជាការប្រពឹត្តផ្ទុយ ពីការសម្រេចណាមួយរបស់តុលាការនោះដែរ។
លោកបញ្ចាក់ថា ក្នុងន័យការពារកិត្តិយសមន្ត្រីរាជការ ដែលកំពុងបម្រើប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន លោកសូមស្វាគមន៍ការបើកស៊ើបអង្កេត និងការធ្វើអធិការកិច្ចលើករណីនេះ ពីសំណាក់រដ្ឋបាលខេត្ត ឬស្ថាប័នមានសមត្ថកិច្ចណាមួយ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់លោក និងផ្តល់យុត្តិធម៌ដល់ការបំពេញតួនាទីរដ្ឋបាលរបស់មន្ត្រីរាជការទាំងអស់ ហើយលោកត្រៀមខ្លួននឹងចាកចេញពីតួនាទីរបស់លោក និងទទួលខុសត្រូវគ្រប់បែបយ៉ាងចំពោះមុខច្បាប់ ប្រសិនបើរកឃើញថាមានកំហុស និងបានប្រព្រឹត្តដូចការចោទប្រកាន់ របស់លោកស្រី លី អុំអេង ពិតមែន។
ចំណែកលោកស្រី លី អុំអេង អនុប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៨ខែកុម្ភៈនេះបានមានប្រសាសន៍តាមទូរស័ព្ទថា លោកស្រីកំពុងជាប់រវល់ប្រជុំនៅសភាពាណិជ្ជកម្ម៕ ដោយ វាយោ