សៀមរាប៖អាជ្ញាធរមូលដ្ឋានបានដឹងថា ផ្ទះធ្វើពីឈើលើថ្មក្រោមខ្នង ត្រូវបានអគ្គិភ័យឆាប់ឆេះអស់ទាំងស្រុង មូលហេតុដោយសារម្ចាស់ផ្ទះដុតទៀនធូបខ្វះការប្រុងប្រយ័ត្ន។
ហេតុការណ៍គ្រោះអគ្គិភ័យនេះកើតឡើងនៅម៉ោង០៨.៤០
នាទីថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២២ ចំណុចភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប។
អាជ្ញាធរបន្តឲ្យដឹងថា ករណីអគ្គិភ័យនេះ បណ្ដាលឲ្យខូចខាត ផ្ទះ១ខ្នង ទំហំ ៨ម៉ែត្រ x ១៧ម៉ែត្រ សង់ពីឈើលើ ថ្មក្រោម ជញ្ជាំងក្ដារ ប្រក់ក្បឿង (ខូចខាត អស់ទាំងស្រុង)។ឆេះគ្រែគ្រញូង ០១ ទូរដាក់ខោអាវ ០១ តុគ្រញូង ០១ តុបាយ ០២ មាស ១.៤ តំឡឹង និងប្រាក់ដុល្លា ៣ ០០០ ដុល្លា និងសម្ភារៈប្រើប្រាស់ មួយចំនួនផ្សេងទៀត។សមត្ថកិច្ចបន្តថា ម្ចាស់ផ្ទះឈ្មោះ សុខ ពៅ ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ។មូលហេតុដែលបណ្តាលឲ្យឆេះគឺមកពី ម្ចាស់ផ្ទះអុជធូបទៀននៅកន្លែងអស្សនៈ ទើបបណ្តាលអោយឆេះ។


អាជ្ញាធរបញ្ជាក់ថា ករណីនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០២គ្រឿង អធិការស្រុកពួកចំនួន ១គ្រឿង អធិការស្រុកអង្គរជុំ ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤រថយន្ត ទើបពន្លត់បានទាំងស្រុង តែមិនបណ្តាលឲ្យប៉ះពាល់ដល់អាយជីវិតមនុស្ស និងសត្វនោះទេ៕ដោយ៖សេរី

