Monday, July 14, 2025
Header Banner

ស្ត្រីម្នាក់មានផ្ទៃពោះគ្រប់ខែ វិជ្ជមានកូវីដ.១៩ ម្នាក់ត្រូវបានក្រុមគ្រូពេទ្យជួយសម្រាលកូនបានហើយ!

កំពង់ស្ពឺ៖សេចក្តីរាយការណ៍មិនដឹងថា ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ មានជំងឺកូវីដ-១៩ ធ្ងន់ធ្ងរមិនអាចសម្រាលតាមបែបធម្មតាបាន ត្រូវបានក្រុមគ្រូពេទ្យសម្រេចជួយសង្គ្រោះដោយវះកាត់សម្រាលកូនរួចហើយ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ ស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

គ្រូពេទ្យឲ្យដឹងថា ស្ត្រីអ្នកជំងឺកូវីដ-១៩ ធ្ងន់ធ្ងរត្រូវវះកាត់សង្រ្គោះទាំងម្តាយ និងកូនមានឈ្មោះ វាត ម៉ៅ អាយុ ៤០ឆ្នាំ រស់នៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ ស្ត្រីអ្នកជំងឺត្រូវគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ វះកាត់សម្រាលកូនប្រកបដោយជោគជ័យ ។

លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ស្ត្រីមានផ្ទៃពោះខែឆ្លងទន្លេម្នាក់ មានជំងឺកូវីដ-១៩ ធ្ងន់ធ្ងរគាត់មានស្ថានភាពហត់ ថប់ៗ ពិបាកដកដង្ហើម រវើរវាយ និងប្រកាច់ម្តងៗជាកក្តាគ្រោះថ្នាក់បំផុតដែលធ្វើឱ្យអ្នកជំងឺប្រឈមនិងការស្លាប់បាត់បង់ជីវិតទាំងម្តាយ និងកូនក្នុងផ្ទៃ ។

លោកបន្តថា ដោយស្ថានភាពជំងឺធ្ងន់ធ្ងរ និងគ្រោះថ្នាក់បែបនេះមិនអាចឲ្យស្ត្រីជាម្តាយសម្រាកកូនតាមបែបធម្មជាតិបានទេ ក្រុមគ្រូពេទ្យបានពិភាគ្សាគ្នាព្រមទាំងមានការឯកភាពពីក្រុមគ្រួសារក៏សម្រេចធ្វើការវះកាត់ភ្លាមៗដើម្បីសង្រ្គោះទារកហើយក្នុងនោះក្រុមគ្រូពេទ្យបានធ្វើការវះកាត់ដោយជោគជ័យ។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ស្ត្រីអ្នកជំងឺកូវីដក្រុមគ្រូពេទ្យវះកាត់សម្រាលទារិកាម្នាក់មានទំងន់ប្រមាណ១៦០០ក្រាម មានសុវត្ថិភាពមិនឆ្លងជំងឺកូវីដ-១៩ ពីម្តាយនោះឡើយ ។

បច្ចុប្បន្នទារិកាមានសុខភាពល្អប្រសើរ ក្រោមការតាមដានរបស់គ្រូពេទ្យដោយមើលថែយ៉ាងយកចិត្តទុកដាក់បំផុត និងម្តាយក៏មានសុវត្ថិភាពដូចគ្នាផងដែរ ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម