កំពង់ឆ្នាំង៖សេចក្តីរាយការណ៍បានឲ្យដឹងថា នាថ្មីៗនេះ គេសង្កេតឃើញជនជាតិវៀតណាមនៅក្រុងកំពង់ឆ្នាំង បាននាំគ្នាតំឡើងដំបូលបែរត្រីរបស់ខ្លួននីលើផ្ទៃទន្លេផ្សារក្រោម ដោយមិនទាន់មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធនៅឡើយទេ។


សេចក្តីរាយការណ៍បានបន្តឲ្យដឹងទៀតថា ការធ្វើដំបូលបែរត្រីរស់នៅវិញនេះ បានផ្ទុយទៅនឹងគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលហាមមិនអោយរស់នៅលើទឹក ព្រោះកាលណារស់នៅលើទឹក ត្រូវសង់បង្គន់ គឺបន្ទោរបង់ចូលទឹកទន្លេមិនខាន។


បែរចិញ្ចឹមត្រីជនជាតិវៀតណាមរាប់រយខ្នង បាន និងកំពុងសាងសង់ដំបូល និងបិទបាំងជញ្ជាំងឡើងវិញ ស្ថិតតាមដងទន្លេ ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងមានការសង់បង្គន់ ដើម្បីរស់នៅជាអចិន្ត្រៃយ៍បន្តទៀត ដោយមិនគិតពីផលប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋប្រើប្រាស់ទឹកទន្លេឡើយ។
ពាក់ព័ន្ធនឹងការសាងសង់ដំបូលបែរត្រីឡើងវិញ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក បេ សារុំ អភិបាលរងក្រុងកំពង់ឆ្នាំងទទួលបន្ទុករៀបចំបែរចិញ្ចឹមត្រីបានអោយដឹងថា៖ អនុវត្តន៍តាមផែនការរបស់គណៈកម្មការបន្លាស់ទីផ្ទះទឹកថ្នាក់ខេត្តកាលពីឆ្នាំ២០២០ បានកំណត់អោយអ្នកដែលមានបែរចិញ្ចឹមត្រីបណ្តែតលើទឹកក្នុងទន្លេប្រមាណជាង៤០០បែរនៅក្នុងក្រុងកំពង់ឆ្នាំង ត្រូវកាត់ដំបូលបែរត្រីចេញអោយអស់។ បន្ទាប់មក បែរត្រីទាងអស់ត្រូវបានកាត់ដំបូលចេញគ្មានសល់នោះឡើយ ក៏ប៉ុន្តែថ្មីៗនេះ ស្រាប់តែពួកគេបានធ្វើដំបូលវិញជាបន្តបន្ទាប់ឡើងវិញ ហើយអាជ្ញាធរមានសមត្ថកិច្ចខេត្ត និងក្រុង កំពុងចាត់វិធានការទប់ស្កាត់ករណីនេះហើយ។
សូមរម្លឹកថា ផែនការរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំងនាពេលកន្លងមក គឺសំដៅមិនអោយមានប្រជាពលរដ្ឋតាំងលំនៅដ្ឋានលើផ្ទះបណ្តែតទឹក ដែលជាហេតុបង្កអោយមានកាកសំណល់នាៗពិសេសបង្គន់លាមក ការបោះចោលថង់ផ្លាស្ទីក និងបង្ហូរសំណល់ប្រេង ទឹកអាស៊ីតអាគុយ ចាក់ចូលក្នុងទឹកទន្លេ ដែលបង្ករអោយមានផលប៉ះពាល់ដល់ការបំពុលបរិស្ថានទឹកទន្លេ ធ្វើអោយទឹកកខ្វក់ ឈានទៅដល់ការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខុមាភាពប្រជាពលរដ្ឋទូរទៅដែលកំពុងប្រើប្រាស់ទឹកទន្លេ ឬទឹកស្អាតបូមពីទន្លេ ។
មហាជនលើកឡើងថា អ្នកប្រើប្រាស់ទឹកមិនស្អាតអាចជួបប្រទះជំងឺជាច្រើន ដែលបណ្តាលមកពីការប្រើប្រាស់ប្រភពទឹកកង្វក់ចេញពីបង្គន់។ បញ្ហាទាំងនេះ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងឈានទៅប៉ះដល់សេដ្ឋកិច្ចជាតិទាំងមូល ប៉ុន្តែអ្នកបន្ទោរបង់ចូលទឹកទន្លេទាំងនោះមិនបានយល់ថា តើការប៉ះពាល់នេះវាមានទំហំប៉ុណ្ណានោះទេ។ ក្រៅអំពីរឿងសេដ្ឋកិច្ចបញ្ហានេះ ក៏ធ្វើឱ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនដល់វិស័យសង្គមកិច្ចផងដែរ ដូចជាបញ្ហាសុខភាពអប់រំអាហាររូបត្ថម្ភ ជាពិសេសប៉ះពាល់ខ្លាំងសម្រាប់ប្រជាពលរដ្ឋក្រីក្រ ស្រ្តី កុមារ និងក្រុមងាយរងគ្រោះដទៃទៀតនៅក្នុងសង្គមយ៉ាងឆាប់រហ័សផងដែរ៕ដោយ៖សេរី






