សៀមរាប៖នៅខែមាឃធំ អ្នកភូមិនគរក្រៅ ភូមិសំរោង លាងដៃ ដូនឪ ក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប តែងជួបជុំគ្នារៀបចំពិធីឡើងមាឃឬឡើងអ្នកតាបាឡាត់ ដែលមានទីតាំងនៅវត្តស្រះជុំ ពុំដែលខកខានឡើយ។បើទោះបីបច្ចុប្បន្នប្រទេសកម្ពុជាមានការការរីកចម្រើន ហើយកូនខ្មែរជំនាន់ក្រោយជាច្រើនហាក់មិនចាប់អារម្មណ៍ ហើយបោះបង់ចោលជំនឿ របស់ដូនតា ដោយបង្វែរការចាប់អារម្មណ៍តែលើសម័យទំនើបឬក៏សម្ភារៈនិយមហើយក៏ដោយ ក៏អ្នកស្រុកនគរធំ នៅតែថែរក្សាទំនៀមបែបបុរាណមួយនេះបានយ៉ាងល្អនិងខ្ជាប់ខ្ជួន។
ជារៀងរាល់ឆ្នាំ នៅថ្ងៃដែលគេប្រារព្ធធ្វើពិធីឡើងអ្នកតានោះ គេបាននាំយកឧបករណ៍ភ្លេងពិណពាទ្យ ហើយអ្នកភូមិក្មេងចាស់ ប្រុសស្រី តែងទៅជួបជុំគ្នានៅវេលាម៉ោង៤រសៀល ដោយខ្លះមានកាន់ទឹកដប បង្អែមចង្អាប នំអន្សមផ្អាវ ម្ហូបអាហារ នំផ្លែអាយ អំបោះ ផ្លែឈើ ធូប ទៀន ស្រាស និងស្លាធម៌ព្រៃមួយឬពីរគូ នៅក្នុងដៃគ្រប់ៗគ្នាទៅតាមលទ្ធភាព ដើម្បីយកទៅរៀបចំនៅមុខខ្ទមអ្នកតាបាឡាត់ មុននឹងសែនព្រែនជូនអ្នកតាដែលអ្នកស្រុកមានការជឿជាក់ថាជាទីសក្តិសិទ្ធិ ឬក៏ជាអ្នកមានឫទ្ធីបារមីសក្តិសិទ្ធិ។
ពិធីឡើងអ្នកតាឬឡើងមាឃនៅទួលតាបាឡាត់ របស់អ្នកស្រុកអង្គរធំនេះ មានការខុសប្លែកបន្តិច ពីកន្លែងដទៃ នៅត្រង់ថាពិធីឡើងអ្នកតាឬឡើងមាឃនៅទួលតាបាឡាត់ ពុំមានរៀបចំពិធីចូលរួបនោះទេ ប៉ុន្តែមានការចងនំអន្សមផ្អាវ ផ្លែឈើ រយីងយោងនៅពីមុខអ្នកតា អមដោយស្លាធម៌ព្រៃតម្រៀបជាជួរនៅពីក្រោម។
ចំណែកឯការសែនព្រែន គឺមានតាអាចារ្យនិងអ្នកភូមិហៅរកដូនតាឱ្យមកសេពសោយចំណីអាហារ និងមានការបាចទឹកដាក់គ្នាទៅវិញទៅមកយ៉ាងសប្បាយរីករាយ ដើម្បីជានិមិត្តរូបបញ្ជាក់ពីការសុំឱ្យមានទឹកភ្លៀងបរិបូរណ៍សម្រាប់ធ្វើកសិកម្ម។អ្នកភូមិជឿថា ការធ្វើពិធីឡើងអ្នកតា គឺនាំឱ្យកូនចៅបានសេចក្តីសុខសប្បាយ ធ្វើស្រែចម្ការទទួលបានទទួលភោគផលច្រើន និងនាំឱ្យសត្វដែលគេចិញ្ចឹមទាំងឡាយជៀសផុតពីជំងឺផង។
ដោយសារតែមានជំនឿបែបនេះ ទើបអ្នកភូមិ នៅស្រុកអង្គរធំត្រូវតែរៀបចំពិធីឡើងអ្នកតាជារៀងរាល់ឆ្នាំ មិនដែលហ៊ានអាក់ខានឆ្នាំណាឡើយ ពីព្រោះអ្នកភូមិទីនោះ តែងតែជឿថាអ្នកតាគឺជាវិញ្ញាណដ៏ស័ក្ដិសិទ្ធិ និងមានរិទ្ធិបារមី អាចជួយថែរក្សាស្រុក និងកូនចៅដែលរស់នៅក្នុងឃុំ ស្រុក ឱ្យបានសុខសប្បាយ និងជាទីគួរឱ្យគោរពបូជា មិនអាចមើលងាយឬលេងសើចបានទេ៕ ដោយភក្តី