សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា កុមារីម្នាក់បានឆ្លងជំងឺផ្តាសាយបក្សីពីសត្វមាន់ហើយត្រូវបានមន្ត្រីជំនាញចុះទៅបាញ់ថ្នាំដល់មូលដ្ឋាននិងនាំកុមារនោះទៅព្យាបាល។ការចុះទៅពិនិត្យនេះធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នៅភូមិត្រពាំងរុនរុន ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។


អាជ្ញាធរបានឲ្យដឹងថា កុមារដែលឆ្លងឈ្មោះ ហ៊ឺ ស្រីហ៊ាត ភេទស្រីអាយុ១ឆ្នាំ ម្តាយឈ្នោះឈន់ អ៊ាតអាយុ៣៧ឆ្នាំហើយបានយកសំណាកលើមនុស្សចំនួន១៣នាក់ស្រី៧នាក់ ទៅពិនិត្យ ហើយនិងបាញ់ថ្នាំសម្លាប់មេរោគចំនួន៦ខ្នងផ្ទះ។ ផ្ទះដែលឆ្លងកូន គាត់ចិញ្ចិមមាន់២០ក្បាល ឈឺងាប់អស់១១ក្បាល។ មិនទាន់មានករណីថ្មីទៀតទេ មកដល់ ពេលនេះ។
មន្ត្រីជំនាញលើកឡើងថា ករណីជំងឺផ្តាសាយបក្សីនេះ កើតលើទារិកា អាយុ ១ឆ្នាំ ១ខែ មានរោគសញ្ញា គ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម បានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ លទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍ថ្នាក់ជាតិ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បញ្ជាក់ថាវិជ្ជមាន Influenza A/H9N2។
លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប មានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី១២នេះថា មន្ត្រីក្រុមឆ្លើយតបបន្ទាន់ខេត្ត បានចុះអង្កេតស្រាវជាវ បង្ការ និងទប់ស្កាត់ការរាត្បាតនិងបាញ់ថ្នាំសម្លាប់មេរោគ ព្រមទាំងអប់រំសុខភាពដល់ប្រជាជននៅមូលដ្ឋាន។ លោកបន្តថា បើមានករណីសង្ស័យសូមផ្តល់ពត៌មានដល់ពេទ្យសត្វក្នុងមូលដ្ឋានឲ្យបានឆាប់ដើម្បីមានវិធានការ។លោកសំណូមពរឲ្យពលដ្ឋរក្សាអនាម័យឲ្យបានល្អ និងបន្តអនុវត្តន៍តាមការណែនាំរបស់មន្ត្រីបសុព្យាបាល។
លោកក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី១២នេះថា ករណីឆ្លងជំងឺផ្តាសាយបក្សីលើកុមារីនោះបានព្យាបាលជាសះស្បើយឡើងវិញហើយនឹងមានឆ្លងទៀតទេ។លោកសំណូមពរឲ្យពលរដ្ឋកុំភិតភ័យ ត្រូវបន្តរក្សាអនាម័យឲ្យបានល្អ។
សូមរម្លឹកថា ជំងឺផ្តាសាយបក្សី H5N1 បានកើតមាន នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០៤មកម្លេះ ហើយជំងឺនេះក្រុមគ្រូពេទ្យអាចព្យាបាលបានប្រសិនបើពលរដ្ឋចូលរួមសហការគ្នា៕ដោយ៖សេរី



