Tuesday, May 7, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

រដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

មណ្ឌលគិរី៖កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំង ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងមន្រ្តីរាជការជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅអគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី។

ឯកឧត្តម ងី ច័ន្ទ្រផល បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងសមត្ថកិច្ច និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្រេចនូវសមិទ្ធផល ក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ ឯកឧត្តម ក៏បានផ្តល់នូវគោលការណែនាំជាគន្លឹះសំខាន់ៗ ដល់មន្រ្តីថ្នាក់ក្រោមជាតិ ហើយត្រូវអនុវត្តបន្តចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ បូរណភាណទឹកដី អធិបតេយ្យភាពជាតិ, ត្រូវបង្កើនកិច្ចសហការគ្នា ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព, ត្រូវពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីឲ្យឆាប់រហ័ស, ត្រូវបង្កើនការតាមដាន និងការគ្រប់គ្រងសកម្មភាពចូលទន្រ្ទានកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ នៅតាមតំបន់ការពារធម្មជាតិ, ព្រមទាំងចុះផ្សព្វផ្សាយដល់ពលរដ្ឋ ឲ្យយល់ច្បាស់អំពីច្បាប់ ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ, និងបន្តអប់រំ ផ្សព្វផ្សាយដល់ពលរដ្ឋ ឲ្យរក្សានូវអនាម័យជាប់ជាប្រចាំ ដោយអនុវត្តនូវវិធានការ ៣កុំ និង៣ការពារ ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ព្រមទាំងដូសជំរុញជូនពលរដ្ឋឲ្យបានគ្រប់ៗគ្នា។ បន្ថែមលើសនេះ ឯកឧត្តម ងី ច័ន្ទ្រផល ក៏បានណែនាំដល់មន្រ្តីរាជការ និងសមត្ថកិច្ច ព្រមទាំងអាជ្ញាធរក្រុង/ស្រុក ត្រូវពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីធ្វើយ៉ាងណា ឲ្យខេត្តមណ្ឌលគិរី មានការអភិវឌ្ឍន៍រីកចម្រើនជាលំដាប់។

ឱកាសនោះដែរ ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារជូនមន្រ្តីរាជការ ដែលមានស្នាដៃល្អ ក្នុងការអនុវត្តការងារនាពេលកន្លងមកផងដែរ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម