ខេត្តសៀមរាប៖រថយន្តបែនបង្កប់ថ្មពីលើឈើពីក្រោម ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប បង្ហាញលទ្ធផលថាបានជិត៦ម៉ែត្រគូប។តែក្រុមឈ្មួញក៏កំពុងរត់ការដោះលែងរថយន្តនោះមកវិញផងដែរ។

លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដែលបានដឹកនាំកម្លាំងរដ្ឋបាលព្រៃឈើធ្វើការបង្ក្រាប បានឲ្យដឹងថា ករណីបង្ក្រាបរថយន្តបែនដឹកថ្មលួចបង្កប់ឈើ គឺរថយន្តដឹកថ្ម៤ភៅម៉ាកពណ៌ស លាយខ្មៅពាក់ស្លាកលេខភ្នំពេញ3E ៩៣៩៥បានដឹកឈើអារប្រភេទ លេខ២ (ឈើទាល)ចំនួន១០៩ដុំស្មើនិង =៥,៩៩៦ម៉ែត្រគូប
។ លោកបន្តថា ក្រុមការងារបានដឹកនាំយកមករក្សាទុកនិងធ្វើការវាស់វែងនៅទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីស្ថិតនៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រីខេត្តសៀមរាបចាត់ការតាមផ្លូវច្បាប់ស្តីពីព្រៃឈើ។


គួររម្លឹកថា រថយន្តបែនដឹកថ្មមួយគ្រឿងលួចបង្កប់ឈើត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបបង្ក្រាប នៅស្រុកស្វាយលើនាថ្ងៃទី ១ ខែមេសាឆ្នាំ ២០២២ ក្រុមការដឹកនាំបញ្ជាផ្ទាល់ដោយលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប។
ប្រភពបានដឹងថាម្ចាស់រថយន្តដឹកឈើនេះមានឈ្មោះលីម រស់នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាម្ចាស់ដេប៉ូឈើមួយ កន្លែងហើយការលួចដឹកឈើបង្កប់ក្នុងថ្ម តាមរយៈរថយន្តបែនបែបនេះ បានធ្វើសកម្មភាព ជាច្រើនលើកមកហើយ ដែលបានដឹកឈើចេញពីខេត្តព្រះវិហារចូលមកក្រុងសៀមរាប ឆ្លងកាត់តាមសង្កាត់ស្រុកស្វាយលើ និងបន្តមកចែកចាយនៅក្នុងទីរួមខេត្តសៀមរាប។
ប្រភពមួយទៀតបានដឹងថា សកម្មភាពដឹកជញ្ជូនឈើនៅខេត្តសៀមរាប កើតមានយ៉ាងសកម្មដែលគេសង្ស័យថាសមត្ថកិច្ចជំនាញមួយចំនួនជាអ្នកបើកភ្លើងខៀវឲ្យមានបទល្មើសទាំងនេះកើតឡើង៕AFN


