សៀមរាប ៖កម្លាំងសមត្ថកិច្ចចម្រុះខេត្តសៀមរាប នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ បានបន្តចុះរុះរើរបងក្រាក់របស់លោក ឃន់ សុខន ដែលធ្វើការពារដំណាំនៅជាប់ត្រពាំងហែផ្កា ស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។
ប្រភពពីអាជ្ញាធរបានឲ្យដឹងថា ការចុះរុះរើសំណង់ខុសច្បាប់នេះ ដើម្បីការពារការប៉ុនប៉ងយកដីបុរាណដ្ឋានត្រពាំងហែផ្កា ដោយខុសច្បាប់ មកធ្វើជាកម្មសិទ្ធិឯកជន បន្ទាប់ពីក្រុមការងារចម្រុះបានរុះរើរាបដល់ដី និងការយល់ព្រមបញ្ឈប់ការសាងសង់ទាំងអស់ពីម្ចាស់សំណង់ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ រួចមកហើយ។អាជ្ញាធរបន្តថា បើទោះបីជាយ៉ាងណា អាជ្ញាធរត្រូវតែប្រឆាំងចំពោះអំពើរំលោភបំពានប៉ុនប៉ងយកទីបុរាណដ្ឋានដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលត្រូវការពារជាដាច់ខាត ហើយឈ្មោះ ឃន់ សុខន ដែលធ្វើម្ដងជាពីរដងនេះ គឺបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់មរតកនៃបេតិកភណ្ឌ។ សូមបញ្ជាក់ថា ទីបុរាណដ្ឋានត្រពាំងហែផ្កា មានបណ្តោយ៣៥០ម៉ែត្រ ទទឹង១៧០ម៉ែត្រ មានខ្នងទំនប់ពី៤០ទៅ៦០ម៉ែត្រ។ទោះជាមានការលើកឡើងរបស់អាជ្ញាធរយ៉ាងនេះក្តី ម្ចាស់ដីលោកឃន់ សុខន បានឲ្យដឹងថា ដីនេះជាដីកេរដូនតារបស់លោកដែលបានបន្សល់ទុកជាយូមកហើយ ដែលមានចំងាយប្រមាណជាជាង២០គីឡូមែត្រ ពីតំបន់អង្គរ និងកាន់កាប់មុនការបង្កើតអាជ្ញាធរអប្សរា ទៅទៀត។លោកបន្តថា ពីមុនគាត់ធ្វើរបងថ្ម ត្រូវអាជ្ញាធរអប្សរា វាយកម្ទេចចោល តែដល់ពេលធ្វើរបងក្រាក់ដាក់សំណាញ់ការពារដដំណាំ ក៏ត្រូវអាជ្ញាធរអប្សរា មកវាយកម្ទេចម្តងទៀត និងដកដំណាំរបស់គាត់អស់តែម្តង។បញ្ជាក់(ការវាយកម្ទេចនេះគឺម្ចាស់ដីបានយល់ព្រមរុះរើរបងដោយខ្លួនឯងរួចរាល់ហើយ តែមិនទាន់ដល់ថ្ងៃផងក៏មកមុនថ្ងៃតែម្តង)។លោកបន្ថែមថា លោកឈប់ហាមឃាត់ទៀតហើយ តែក៏សូមមើលផ្ទះនៅជិតតំបន់អង្គរដែលកំពុងរីកស្គុះស្គាយដូចផ្សិតនោះផង។លោកសំណូមឲ្យអាជ្ញាធរអប្សរា បន្តគ្រប់គ្រងតំបន់បិតិកភណ្ឌ ឲ្យមានតម្លាភាព និងសូមយោគយល់ដល់ធម្មជាតិផង ព្រោះប្រឹកមិញនេះសូម្បីតែដើមឈើពណ៌បៃតងក៏ត្រូវដកចោលយ៉ាងព្រៃផ្សៃផងដែរ។ទោះជាយ៉ាងនេះក្តី ពលរដ្ឋនិងអ្នកស្រុកបានសម្តែងការហួសចិត្ត និងនិយាយថា ពួកបានត្រឹមតែឈរមើលសកម្មភាពទាំងនេះតែប៉ុណ្ណោះមិនលូកដៃនោះទេ៕នាគព័ន្ធ