ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានដឹងថា ម្ចាស់ដើមនៃផ្ទៃដី១៣.៦១ហិកតា និងម្ចាស់ដីកំពុងកាន់កាប់ស្របច្បាប់ រួមទាំងសាក្សី ជាង ១០០នាក់ទៀត បានទាមទារអោយបុគ្គល លី អ៊ុំអេងនាំមនុស្ស៣នាក់ដែលអះអាងថា ខ្លួនជាម្ចាស់ដី ទៅតតាំងគ្នានៅសាលាស្រុកបន្ទាយស្រី។ តែបើរយះពេល៤ទៅ៥ថ្ងៃខាងមុខនេះ មិនហ៊ានទៅទេ បញ្ឈប់ការដើរចង្អុលយកដីគេទៀត។
ការទាមទារនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែសីហាឆ្នាំ២០២២ គ្រាដែលលោក ប្រុក យ៉ម ម្ចាស់ដើមនៃផ្ទៃ១៣.៦១ហិកតា រួមទាំងសាក្សីចំនួន១១០នាក់ទៀត ចេញមកផ្តល់បទសម្ភាសន៍ដល់អ្នក សារព័ត៌មាន ចំនួន ១៥ ស្ថាប័ននៅលើទីតាំងដីផ្ទាល់។
លោក ប្រុក យ៉ម បញ្ជាក់ថា ដីដែលពួកគាត់កំពុងឈរ គឺស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានទំហំ១៣.៦១ហិកតា ហើយមិនមែនស្ថិតក្នុងភូមិ រវៀងតាទំុ និងភូមិរំចេក ឃុំរំចេកស្រុកបន្ទាយស្រី ដូចបុគ្គលឈ្មោះ លី អ៊ុំអេង និយាយនោះទេ។ ដីខាងលើនេះជាដីកេរ្តិ៍ដូនតារបស់ខ្ញុំ គ្រួសារខ្ញុំបានគ្រប់គ្រងអាស្រ័យផលជាង២០ឆ្នាំមកហើយ មិនដែលមានបុគ្គលណាម្នាក់ មកអះអាងថាជាដីរបស់ខ្លួននោះឡើយ ។ តែដោយបញ្ហាជីវភាព ខ្ញុំបានលក់អោយទៅឈ្មោះ ឈឿន សម្បត្តិ ហើយខ្ញុំមិនដែលស្គាល់ឈ្មោះ លី អ៊ុំអេង អីនោះទេ ចុះហេតុអីក៍ពេលនេះ បុគ្គលឈ្មោះ លី អ៊ុំអេង យកឈ្មោះ លឹម ជក់ ឈ្មោះ ញ៉ាវ ណុល និងឈ្មោះ ម៉ោញ ឡុំ មកអះអាងថាជាម្ចាស់ដី ហើយមានទំហ៊ំ១៥ហិកតាទៅវិញ។ រូបខ្ញុំរួមទាំងសាក្សី សុំអោយបុគ្គលឈ្មោះ លី អ៊ុំអេង ដឹកដៃមនុស្ស៣នាក់ខាងលើដែលអះអាងថាជាម្ចាស់ដីមកជួបពួកខ្ញុំនៅចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច រកខុសត្រូវតាមច្បាប់ជៀសវាងឈ្មោះលី អ៊ុំអេង ដើរចង្អុលយកដីគេហើយប្តឹងគេគ្មានមូលដ្ឋានច្បាស់លាស់ចឹងទៀត។
លោក ប្រុក យ៉ម បញ្ជាក់ថា តាមរយះសារព័ត៌មាន ពួកខ្ញុំរងចាំរយះពេល៤ទៅ៥ថ្ងៃ សម្រាប់បុគ្គលលី អ៊ុំអេង ដឹកដៃឈ្មោះអ្នកទាំង៣ខាងលើទៅជួបគ្នានៅសាលាស្រុកបន្ទាយស្រី ដើម្បីរកមុខម្ខាស់ដើមនៃដី ១៣.៦១ហិកតាពិតប្រាកដ។ តែបើបុគ្គល លី អ៊ុំអេង មិនហ៊ាននាំអ្នកទាំងនោះទៅជួបដោះស្រាយគ្នាទេ សូមបញ្ឈប់ការដើរចង្អុលយកដីគេទៀត។ ព្រោះថាធ្វើរបៀបនេះ មិនខុសពីចោរដើរលួចដីគេនោះឡើយ។
ចំណែកលោកស្រីសុខ សុភា ក៏បានអោយដឹងដែរថា ផ្ទៃដីទំហ៊ំ១៣.៦១ហិកតា គឺជាដីកម្មសិទ្ធិស្របច្បាប់របស់ខ្លួន ពុំមែនជាដីរបស់ឈ្មោះ លី អ៊ុំអេង នោះឡើយ។ ដីខាងលើនេះមានទំហំ ១៣.៦១ហិកតា ស្ថិត នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយក្រុមហ៊ុនរបស់នាងខ្ញុំបានទិញពី ឈ្មោះ ឈឿន សម្បត្តិ តាំងពីឆ្នាំ២០០៥ មកម្លេះ។ មិនមែនជាដីទំហំ១៣ ហិកតា នៅក្នុងភូមិរវៀងតាទំុ និងភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ដូចដែលបុគ្គល លី អ៊ុំអេង លើកឡើង នោះឡើយ។ លោកស្រីសុខ សុភា បន្ថែមថា ទង្វើលោភលន់របស់បុគ្គល លី អ៊ុំអេង កំពុងធ្វើអោយប៉ះពាល់ និងបំផ្លាញការងារអភិវឌ្ឍន៍របស់ក្រុមហ៊ុនលោកស្រីយ៉ាងធ្ងន់ធរ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២២ លោក ហ៊ាប ថា មេឃុំត្បែង ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ដី១៣.៦១ហិកតា ដែលលោកស្រី សុខ សុភា ចូលទៅភ្ជួរដាំដុះអាស្រ័យផលនោះ គឺស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង មិនមែននៅក្នុងភូមិ រវៀងតាទំុនិងភូមិរំចេក ឃុំរំចេក នោះឡើយ គឺខុសគ្នាឆ្ងាយ ណាស់។ ឆ្លងកាត់ការបញ្ជាក់របស់ម្ចាស់ដើម ម្ចាស់កាន់កាប់ស្របច្បាប់ សាក្សី១១០នាក់ រួមទាំងមេឃុំត្បែងផងនោះ បង្ហាញថា ផ្ទៃដីទំហំ១៣.៦១ហិកតា ពិតជាស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី យ៉ាងពិត ប្រាកដ។
ពាក់ព័ន្ធនឹងករណីនេះដែរ ក្រុមការងារសារព័ត៌មានAngkor Flash News មិនអាចសុំការបកស្រាយពីលោកជំទាវ លី អ៊ំអេង បានទេនៅរសៀលថ្ងៃទី១៤ខែសីហាឆ្នាំ២០២២នេះ៕ ដោយ៖សុភក្ត្រ