សៀមរាប៖ ថ្មីៗនេះបន្ទាប់ពីមានការស្រាវជ្រាវល្អិតល្អន់គេបានរកឃើញឯកសារខុសប្រក្រតីជាច្រើន ដែលលោកជំទាវលី អ៊ុំអេង កំពុងប្រមូលមនុស្សមកធ្វើជាខែលក្នុងការបំភាន់រំលោភយកដីគេ។ ក្នុងនោះដែរ លោកជំទាវលី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ ដែលគេស្គាល់ថា ជាឈ្មួញដែលមានជម្លោះរឿងដីធ្លីដីដ៍ល្បី បានកំពុងនាំយកមនុស្សចំនួន២នាក់មកឈរធ្វើជាម្ចាស់ដីដើម នៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ដែលបានលក់ដីទាំងនោះមកឲ្យខ្លួន។ បុគ្គលទាំង២នាក់នោះ ម្នាក់ឈ្មោះ លឹម ជក់ និងម្នាក់ឈ្មោះ ញ៉ាវ ណុល ។
យោងតាមឯកសារដែលអ្នកសារព័ត៌មានទទួលបាន បង្ហាញថា តាមពាក្យស្នើសុំពាក្យកាន់កាប់ប្រើប្រាស់ដីធ្លី ចុះថ្ងៃទី ១៤ ខែ៥ ឆ្នាំ១៩៩៨ របស់ឈ្មោះ លឹម ជក់ គេបានរកឃើញនូវភាពមិនប្រក្រតីមួយចំនួនដូចជា៖ កាលពីឆ្នាំ១៩៩៨ លឹម ជក់ មានអាយុត្រឹមតែ៣០ ឆ្នាំ ក្នុងពាក្យសុំនោះដែរ លឹម ជក់ បានបញ្ជាក់ថា ខ្លួនបានកាន់កាប់ដីទំហំ២៦០គុណនឹង២៥០ (មានស្នាមកោសលុប) ចាប់ពីឆ្នាំ១៩៧៩ មកទល់បច្ចុប្បន្ន។
បើពិនិត្យលើពាក្យសុំនេះនៅឆ្នាំ១៩៧៩ លឹម ជក់ ទើបតែមានអាយុ១១ឆ្នាំប៉ុណ្ណោះ។ កាលពីថ្ងៃទី១៤កុម្ភៈឆ្នាំ២០២២ ជាថ្ងៃដែល លោកជំទាវលី អ៊ំអេង ដាក់ពាក្យប្តឹង អភិបាលស្រុកបន្ទាយស្រី លោកឃឹម ហ៊្វីណង់ ទៅតុលាការ លោកជំទាវលី អ៊ុំអេង បានដាក់អាយុ លឹម ជក់ ៦០ឆ្នាំ។
ចំណែកឯពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ទំហំ ១៥០ គុណនឹង៣៥០ ចុះថ្ងៃទី១០ ខែ៤ ឆ្នាំ១៩៩៧ របស់ឈ្មោះ ញ៉ាវ ណុល ដែលលោកជំទាវលី អ៊ុំអេង អះអាងថា ជាម្ចាស់ដីដើមដែរនោះ គឺមានលក្ខណៈពីសទៅខ្មៅ។ កាលពីឆ្នាំ១៩៩៧ ញ៉ាវ ណុល មានអាយុ ២០ឆ្នាំ ដូច្នេះ នៅឆ្នាំ១៩៧៩ ញ៉ាវ ណុល មានអាយុត្រឹមតែ២ឆ្នាំប៉ុណ្ណោះ។ តែនៅក្នុងពាក្យបណ្តឹងរបស់លោកជំទាវ ប្តឹងអភិបាលស្រុកបន្ទាយស្រី លោកឃឹម ហ្វីណង់ ដដែល ស្រាប់តែលោកជំទាវលី អ៊ុំអេង ដាក់អាយុ ញ៉ាវ ណុល ដល់ទៅ៧០ឆ្នាំ។
បើគិតអាយុ ញ៉ាវ ណុល តាមឯកសារត្រឹមឆ្នាំ២០២២នេះ គាត់មានអាយុប្រមាណជាង៤០ឆ្នាំប៉ុណ្ណោះ។ បើតាមឯកសារបានបង្ហាញទៀតថា ក្រោយពេលដកបូកជាក់លាក់រួច ម្នាក់ជាទារកទើបអាយុ០២ខួប ឯម្នាក់ទៀតជា កុមារអាយុ១១ឆ្នាំ តែអាចចូលទៅកាន់កាប់ដីទំហំច្រើនហិកតាទុកលក់អោយលោកជំទាវបណ្ឌិតលី អ៊ុំអេងបាន។ ចំណុចទាំងអស់នេះ មហាជនបានកោតសរសើរថា មានតែលោកជំទាវបណ្ឌិត ឧកញ៉ាលី អ៊ុំអេង ម្នាក់គត់ដែលធ្វើរឿងនេះបាន។
ក្រៅពីនេះ ក៍នៅមានការសង្ស័យមួយចំនួនទៀតពាក់ព័ន្ធការប្រើប្រាស់ឯកសារមិនប្រក្រតី។ នៅក្នុងចំណុចឆ្នាំនៃការដាក់ពាក្យស្នើសុំកាន់កាប់ដីធ្លីរបស់បុគ្គលទាំង២ខាងលើ គេសង្ស័យថា បានប្រើឯកសារក្លែងបន្លំ ដោយឯកសារទាំងនោះត្រូវបានគេប្រើនៅក្នុងទសវត្សឆ្នាំ២០០០ ដោយកែបន្លំដាក់ឆ្នាំ១៩៩៧ និងឆ្នាំ១៩៩៨ ទៅវិញ។ ទាំងនេះហើយដែលគេហៅថា ប្រមូលមនុស្សមកធ្វើជាខែលសម្រាប់បាំងបំភាន់ភ្នែក ទៅរំលោភយកដីគេរបស់ លោកជំទាវបណ្ឌិត ឧកញ៉ាលី អ៊ុំអេង។
ទោះជាបែបនេះម្ចាស់ដីកំពុងកាន់កាប់ រួមទាំងម្ចាស់ដើម បានទាមទារអោយឈ្មោះលី អ៊ុំអេង នាំយកអ្នកទាំង២ខាងលើដែលអះអាងថា ជាម្ចាស់ដើម ទៅតតាំងគ្នាអោយដឹងស.ខ្មៅ នៅសាលាស្រុកបន្ទាយស្រីតែបើមិនហ៊ាន សុំអោយដកខ្លួនចេញជាបន្ទាន់៕ ដោយ៖សុភក្ត្រ