Friday, April 19, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ពលរដ្ឋជនជាតិដើមភាគតិច(កាវ៉ែត)នៅស្រុកសៀមប៉ាង រ៉ែកបន្លែត្រីសាច់ធម្មជាតិលក់ ស្នើឲ្យអតិថិជនជួយគាំទ្រ

ខេត្តស្ទឹងត្រែង៖ពលរដ្ឋជនជាតិកាវ៉ែតរស់នៅភូមិឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាំគ្នារែកដើរលក់បន្លែត្រីសាច់ តែពុំសូវមានអតិថិជនជួយទិញយកទៅបរិភោគទេ ទោះបីថាបន្លែ ត្រីសាច់ទាំងនេះជារបស់ធម្មជាតិ ដែលពួកគាត់ រកបាន ពីព្រៃដាំដុះខ្លួនបានឯងយកមកលក់ពិតមែនក៏ដោយ ។

អ្នកស្រីប៉ៃលៃបញ្ចាក់ថា ពួកគាត់សុំឱ្យ បងប្អូនអតិថិជន ជួយទិញបន្លែពួកគាត់ គ្រាន់បានប្រាក់ ជាថ្នូរនិងការដោះដូរ ទិញស្ករ-ប៊ីចេង-ទឹកត្រី-ទឹកស៊ីអ៊ីវ-អំបិល សម្រាប់យកទៅផ្គត់ផ្គង់ជីវភាពទៅតាមគ្រួសារនិមួយៗ ព្រោះពួកគាត់គ្មានមុខរបរអ្វីធំដុំ សម្រាប់ចិញ្ចឹមជីវិតនោះទេ។

លោកស្រីបន្តថា ពលរដ្ឋនៅទីជនបទបានផ្លាស់ប្ដូរទម្លាប់ ពីការពឹងផ្អែក លើផលអនុផលព្រៃឈើ មកដាំបន្លែ ទៅតាមអាជ្ញាធរណែនាំ និងរែកបន្លែត្រីសាច់ដែលពួកគាត់រកបានយកមកលក់ គ្រាន់បានប្រាក់ ចំណូលតិចតួចសម្រាប់ដោះដូរទិញសម្ភារផ្សេងៗ និងចំណីអាហារ គ្រឿងបរិភោគឧបភោគ យកទៅប្រើប្រាស់ផ្គត់ផ្គង់នៅផ្ទះសម្បែងវិញ។

លោកស្រីថារី អាជីវករលក់បន្លែ នៅស្រុកសៀមប៉ាងបានបញ្ជាក់ថា បន្លែដែលបងប្អុនជនជាតិយកមកលក់នេះគេតែងនិយមបរិភោគ ហើយក៏មិនដែលរើសអើងចំពោះបងប្អូនជនជាតិយើងដែលយកបន្លែមកលក់នៅទីផ្សារនេះដែរ។

លោកស្រីថា ពួកគាត់តែងតែជួយ ប្រមូលទិញទាំងអស់សម្រាប់យកមកលក់បន្តផងដែរព្រោះវាជាបន្លែធម្មជាតិមានអ្នកនិយមបរិភោគច្រើន ។

លោកដាក់ដាវ ប្រជាពលរដ្ឋនៅឃុំសន្តិភាព បានបញ្ជាក់ថា ការប្រកបរបរកសិកម្មនេះបងប្អូនជនជាតិ នៅតាមតំបន់ដាច់ស្រយាលក្នុងស្រុកសៀមប៉ាងបានខិតខំប្រឹងប្រែង ដាំដុះដំណាំកសិកម្មបានច្រើន ដូចជាបន្លែ គ្រប់ប្រភេទ ដើម្បីយកមកផ្គត់ផ្គង់នៅទីផ្សារតែក៍មានបន្លែបង្កាមួយចំនួនបេះបានពីព្រៃមកដែរហើយការលក់ដូរ វាតែងតែនៅសេសសល់ខ្លះៗ។

លោកបន្តថា ការដាំបន្លែបានច្រើនយើងបានទប់ទល់ជាមួយនឹងបន្លែនាំចូល ពីព្រោះ នៅស្រុកសៀមប៉ាងយើងជាស្រុកមួយស្ថិតនៅឆ្ងាយពីទីរួមខេត្ត ហើយបន្លែបង្កានៅក្នុងស្រុក មានប្រភពច្បាស់លាស់ ដែលបងប្អូនយើងដាំដុះនៅក្នុងភូមិ។

លោកឡៃស៊ីវ៉ន ប្រធានការិយាល័យ រដ្ឋបាលស្រុកស្លៀមប៉ាង បានបញ្ជាក់ថា បន្លែបង្ការត្រីសាច់ដែលបងប្អូនជនជាតិ កាវ៉ែត ក៍ដូចជាជនជាតិខ្មែរឡាវ បានរែកយកមកលក់នៅតាមទីផ្សារនេះ បងប្អូនប្រជាពលរដ្ឋយើងតែងតែជួយទិញរបស់ពួកគាត់ មិនដែលអាក់ខាននោះទេ។

សូមបញ្ជាក់ថា នៅស្រុកសៀមប៉ាង មានបងប្អូនជនជាតិដើមភាគតិចក្រវ៉ែតរស់នៅភូមិឃុំសន្តិភាព ពីដើមឡើយគាត់ច្រើនតែពឹងផ្អែកទៅលើផលអនុផលព្រៃឈើតែប៉ុណ្ណោះ។ បច្ចុប្បន្នពួកគាត់បានផ្លាស់ប្ដូរទម្លាប់ និងទទួលបានការណែនាំពីអាជ្ញាធរងាកមកដាំបន្លែលក់នៅទីផ្សារ ដើម្បីបានប្រាក់ចំណូលសម្រាប់បន្ថែមក្នុងការផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម