Saturday, April 27, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ពីធីបិទវគ្គបណ្តុះបណ្តាលពង្រឹងជំនាញដែលមានស្រាប់ក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចខេត្តសៀមរាបដើម្បីស្តារឡើងវិញវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩

ខេត្តសៀមរាប៖ពិធីបិទវគ្គបណ្តុះបណ្តាល និងចែកវិញ្ញាបនបត្រសម្រាប់គម្រោងវគ្គបណ្តុះបណ្តាល រយៈពេលខ្លី ពង្រឹងជំនាញដែលមានស្រាប់នូវជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច សម្រាប់បុគ្គលិក កំពុងបំពេញការងារនៅខេត្តសៀមរាប ចំនួន១២០០នាក់ ដែលបានបញ្ចប់ដោយជោគជ័យ លើជំនាញ ទីភ្នាក់ងារទេសចរណ៍ ជំនាញមគ្គុទ្ទេសក៏ទេសចរណ៍ និងជំនាញសណ្ឋាគារ។

ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី២៨ខែតុលាឆ្នាំ២០២២ក្រោមអធិបតីភាពឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍,លោក យុន លីណេ អភិបាលរងខេត្តសៀមរាប,លោកជំទាវ ឆាយស៊ីវលីន ប្រធានសមាគមន៏ទេសចរណ៍កម្ពុជា និងអស់លោក-លោកស្រី ភ្ញៀវកិត្តិយសមកពីស្ថាប័នជាច្រើនចូលរួមផងដែរ។

បន្ទាប់ពីលោកជំទាវ ឆាយស៊ីវលីន ប្រធានសមាគមន៏ទេសចរណ៍កម្ពុជាបានឡើងមានប្រសាសន៍ស្វាគមន៍និងថ្លែងអំណរគុណដល់ថ្នាក់នាំនឹងអស់លោក លោកស្រីដែលបានចូលរួមក្នុងតពិធីនេះរួចមក។

លោក យុន លីណេ អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្តសៀមរាប លោកសំដែងនូវសេចក្តីរីករាយយ៉ាងខ្លាំងដែលសមាគមទេសចរណ៍កម្ពុជាបានរៀបចំវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះឡើងដល់អ្នកជំនាញសេវាកម្មទេសចរណ៍ក្នុងរយៈពេល២ខែដើម្បីពង្រឹងសមត្ថភាពបន្ថែមក្នុងការបម្រើនៅក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបដោយជោគជ័យ។លោកបន្ថែមថា អាជ្ញាធរខេត្តសង្ឃឹមថា បងប្អូនសិក្ខាការដែលបានបញ្ចប់វគ្គសិក្សានេះនឹងយកចំណេះដឹងដែលទទួលបានទៅបម្រើការងារសេវាកម្មទេសចររបស់យើងឲ្យបានកាន់តែមានប្រសិទ្ធភាពដើម្បីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍និងបដិសណ្ឋារកិច្ចខេត្តសៀមរាបឲ្យកាន់តែមាននិរន្តរភាពនិងបង្កើនចំណូលដល់សេដ្ឋកិច្ចគ្រួសារក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ។

ឯកឧត្តមប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា សូមកោតសរសើរយ៉ាងស្មោះអស់ពីដួងចិត្ត និងសំដែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋបាលខេត្តសៀមរាប មន្ទីរទេសចរណ៍ខេត្តសៀមរាប សមាគមទេសចរណ៍កម្ពុជា ដែលមាន លោកជំទាវ ឆាយ ស៊ីវលីន ជាប្រធាន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបាន សហការ សម្របសម្រួល គាំទ្រ និងជំរុញឲ្យមានសកម្មភាពទេសចរណ៍នៅក្នុងគោលដៅទេសចរណ៍ បេតិកភណ្ឌ វប្បធម៌ និងធម្មជាតិ សៀមរាប-អង្គរ ជាពិសេសបានសហការរៀបចំឲ្យមានវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពអ្នកបម្រើការក្នុងវិស័យទេសចរណ៍ដ៏មានសារៈសំខាន់នេះឡើង ក្រោមការគាំទ្រថវិកា របស់មូលនិធិអភិវឌ្ឍជំនាញរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាវគ្គបណ្តុះបណ្តាលមួយត្រូវបាន រៀបចំឡើងចំពេលវេលា និងស្របតាមសកម្មភាពមួយ ក្នុងចំណោមសកម្មភាពយុទ្ធសាស្រ្តនៃផែនការ ស្តារ និងលើកកម្ពស់ការអភិវឌ្ឍជំនាញទេសចរណ៍ ដំណាក់កាលក្រោយវិបត្តិជំងឺឆ្លងកូវីដ-១៩ ឆ្នាំ២០២២-២០២៣។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា ក្រោម​ការដឹកនាំ​​ដ៏​ត្រឹម​ត្រូវ និង​​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្ដេច​​អគ្គមហា​​​សេនា​​​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កម្ពុជា​​បច្ចុប្បន្ន​មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ ​និងសន្តិសុខ​សណ្តាប់​ធ្នាប់​ពេញ​លេញ ដែលជាស្នូលសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍។ វិស័យទេសចរណ៍ក​ម្ពុជា​ ​ត្រូវ​បាន​ចាត់​ទុក​​ជាវិស័យ​អាទិភាព​មួយ​ដើរ​​​តួជា​​ “មាសបៃតង” រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម និង​ការ​ការ​ពារ​បរិស្ថាន ពោល​គឺ​ចូល​រួម​ដល់​ការ​កសាង​សេដ្ឋកិច្ច​បៃ​តង​នៅ​​កម្ពុជា ដែល​ជា​ផ្នែក​មួយគាំទ្រ​ដល់​ការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​​ប្រកប​ដោយ​ចីរភាព​ (SDGs) ឆ្នាំ​២០៣០ របស់​អង្គការ​សហប្រជាជាតិ (UN)។

ឯកឧត្តមបន្ថែមថា ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសផ្សេងៗនៅក្នុងពិភពលោក បានកំពុងប្រឈមនឹងវិបត្តិនៃ ការរីក​រាល​ដាលជំងឺឆ្លងកូវីដ-១៩ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពកំសាន្តទេស​ចរណ៍ និង ការប្រកប​អាជីវកម្ម​ទេសចរណ៍របស់ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់ការងាររបស់ អ្នកបម្រើការ​ក្នុងវិស័យ​​ទេសចរណ៍ ដែលជាកត្តាបង្កឱ្យមានការបង្អាក់ខ្សែចង្វាក់សេដ្ឋ​កិច្ចទេសចរណ៍ និយាយដោយឡែក និងដល់ការអភិវឌ្ឍទេសចរណ៍និយាយជារួម។ តែជាភ័ព្វសំណាងរបស់កម្ពុជា ដែល​មាន សម្ដេច​​អគ្គមហា​​​សេនា​​​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាប្រមុខ ដឹកនាំដ៏ឆ្នើមរបស់កម្ពុជា បានគិត​គូ​រស្វែង​រកវ៉ាក់សាំង​ជាបន្តបន្ទាប់ដើម្បីចាក់ជូន​ប្រជាពលរដ្ឋកម្ពុជា ដែល ​ធ្វើ​ឱ្យ​​កម្ពុជាឈានដល់ការ​បង្កើត​ភាព​ស៊ាំនៅក្នុងសហគមន៍ និងឈានដល់ការបើកសកម្មភាពសេដ្ឋកិច្ច សង្គម និង​ទេស​ចរណ៍​នៅក្នុង​គន្លង​ប្រក្រតី​ភាពថ្មីឡើងវិញ រហូតឈានដល់ការទទួលចំណាត់ថ្នាក់ជាប្រទេស ដែលអាចបើកសកម្មភាពសេដ្ឋកិច្ចសង្គមលឿនជាងគេ និងជាប្រទេសដែលមានសុវត្ថិភាពសម្រាប់ការ ទស្សនាទេសចរណ៍ផងដែរ។ការបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញនេះ បានជំរុញឱ្យមានការកម្សាន្តទេសចរណ៍នៅតាម​គោលដៅទេសចរណ៍សំខាន់ៗ ដូច​ជា​ ខេត្ត​សៀមរាប រាជធានីភ្នំពេញ ក៏ដូចជាខេត្តព្រះសីហនុ និងគោល ដៅទេសចរណ៍មួយចំនួនទៀត មានសកម្មភាពទេសចរណ៍ជាច្រើនឡើងវិញ។​ ជាក់ស្តែង រយៈពេល ០៩ ខែ ដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ១.២ លាននាក់ កើនឡើង ៨៦១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ និងទេសចរផ្ទៃក្នុងកម្ពុជាមានរហូតដល់ ៩.៦ លាននាក់ ក្នុងនោះទេសចរជាតិមាន ៨.៤ លាននាក់ កើនឡើង ២៤៧% និងទេសចរបរទេសចំនួន ១.២ លាននាក់ កើនឡើង ៦០៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

 

ជាទីបញ្ចប់ឯកឧត្តម បានថ្លែងអំណរគុណចំពោះ សមាគមទេសចរណ៍កម្ពុជា ដែលមាន លោកជំទាវ ឆាយ ស៊ីវលីន ជាប្រធាន ដែលបានបើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ពង្រឹងជំនាញដែលមានស្រាប់នូវ ជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច សម្រាប់បុគ្គលិកកំពុងបំពេញការងារនៅខេត្តសៀមរាប លើ ជំនាញទីភ្នាក់ងារទេសចរណ៍ ជំនាញមគ្គុទ្ទេសក៏ទេសចរណ៍ និងជំនាញសណ្ឋាគារ ក្នុងដំណាក់កាលស្តារ ឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាដ៏មានសារៈសំខាន់នេះ៕ដោយ៖សេរី

 

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម