ខេត្តសៀមរាប,ខេត្តឧត្តរមានជ័យ,ខេត្តព្រះវិហារ៖សេចក្តីរាយការណ៍បានឲ្យដឹងថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព មុំ៣ ស្ថិតនៅព្រំប្រទល់(ខេត្តសៀមរាប,ខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារ)កំពុងរងការបំផ្លិចបំផ្លាញពីសំណាក់ក្រុមឈ្មួញយ៉ាងរង្គាលរួចដឹកយកទៅលក់យ៉ាងរំភើយ ខណៈគេសង្ស័យមន្ត្រីការពារព្រៃនៅតំបន់នោះជាអ្នកបើកភ្លើងខៀវ។
ប្រភពពីពលរដ្ឋដែលរស់នៅជាប់នឹងព្រំប្រទល់នឹងខេត្តសៀមរាប,ព្រះវិហារនិងខេត្តឧត្តរមានជ័យ បានលើកឡើងថា តំបន់ការពារដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព កំពុងរងការបំផ្លិចបំផ្លាញពីសំណាក់ក្រុមឈ្មួញយ៉ាងរង្គាលក្រោមការបើកដៃពីស្ថាប័នអ្នកការពារក្នុងដែនជម្រកខាងលើ។
ប្រភពបន្តថា នៅពេលយប់មានឮម៉ាស៊ីនត្រង់ស៊ីន័រគោយន្តនិងឡានទ្រហឹងគេអាឈើនឹងដឹកជញ្ជូនចេញពីក្នុងតំបន់ដែនជម្រកខាងលើ បានយ៉ាងរលូន ដោយសារមានការឃុបឃិតពីមន្រ្តីការពារក្នុងតំបន់នោះដែរ។ប្រភពបន្តទៀតថា ដីព្រៃតំបន់អភិរក្សខាងលើគេមិនអនុញ្ញាតឲ្យពលរដ្ឋដើរចូលនោះទេ កុំថាឡើយដល់តែលីកាំបិតពូថៅចូលសូម្បីតែដៃទទេក៏មិនបានដែរ។ ចុះហេតុអីពួកអ្នកអាឈើចូលបានដោយពុំមានហាមខាត់ពីអ្នកការពារនៅតំបន់ខាងលើនោះអញ្ចឹង? អាស្រ័យហេតុនេះហើយពលរដ្ឋនិងមហាជនគ្រប់មជ្ឃដ្ឋានស្នើសុំដល់ក្រសួងមន្ទីរពាក់ព័ន្ធជួយដាក់កំលាំងជំនាញធ្វើការចុះស៊ើបអង្កេតនៅព្រៃតំបន់ដែនជម្រកក្នុងភូមិសាស្ត្រខាងលើផង ព្រោះពេលនេះល្បីខ្លាំងណាស់មន្រ្តីការពារដែនតំបន់ជម្រកសត្វព្រៃគូលែនព្រហ្មទេព (មុំបី) កំពុងត្រូវដងត្រូវផ្លែជាមួយក្រុមឈ្មួញអាឈើដូចពាក្យចាស់ពោលថា(កន្ទេលធំនាំគ្នាបន្លំដេក)។សកម្មភាពកាប់បំផ្លាញនិងដឹកជញ្ជូនជារៀលរាល់ថ្ងៃ ចេញពីតំបន់ក្រមុំបូល ឆ្លងកាត់តាមស្នាក់ការអូរអាចែ និងឆ្លងតាមស្នាក់ការអូរប៉ារ៉ា ឆ្ពោះទៅចែកចាយតាមដេប៉ូនានាក្នុងនៅខេត្តសៀមរាប។គេសង្ស័យថាមន្ត្រីប្រចាំការនៅតំបន់ខាងលើ ត្រូវដងត្រូវផ្លែនឹងគ្នា ដើម្បីបានលុយឡើងកញ្ចប់ឲ្យមេ។
ជុំវិញករណីខាងលើលោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានប្រាប់អ្នកកាសែតថា សព្វថ្ងៃនេះមានជំនាញពីក្រុមដែលនៅបំពេញការងារនៅតំបន់ដែនជម្រកគូលែនព្រហ្មទេព ទី១.មន្រ្តីឧទ្យានុរក្សរបស់បរិស្ថាន.ទី២.មន្រ្តីអង្ការអភិរក្សសត្វព្រៃកម្ពុជា ជាអ្នកមើលនិងការពារយ៉ាងយកចិត្តទុដាក់ក្នុងដែនជម្រកនោះ។លោកបន្តទៀតថា ឈើដែលគេអានោះគឺយកទៅធ្វើស្នាក់ការយាមនៅទីនោះទេ មិនមានដូចពលរដ្ឋថាមានអ្នកចូលកាប់អាឈើនៅតំបន់ណឹងឡើយ។ចំណែកលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប មិនអាចសុំការពន្យល់បានទេនាព្រឹកថ្ងៃទី០១ខែកុម្ភៈនេះ ដោយហៅទូរស័ព្ទចូលគ្មានអ្នកលើក។ដោយឡែកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ក៏មិនអាចសុំការពន្យល់បានដែរ នៅព្រឹកថ្ងៃទី០១ខែកុម្ភៈ។
មហាជនលើកឡើងថា សព្វថ្ងៃនេះព្រៃសហគមន៍មួយចំនួននៃខេត្តទាំង២នេះ បានប្រែក្លាយជាវាលរហោស្ថាន និងក្លាយជាចំការដំឡូងមីរបស់ពលរដ្ឋនិងអ្នកមានអំណាចមួយចំនួនតូចទៅហើយ។
ទោះជាយ៉ាងនេះក្តីគេមានសង្ឃឹមថា ថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធរបស់ខេត្តទាំង២ខាងលើ នឹងមិនបណ្តែតបណ្តោយអោយមានករណីកាប់បំផ្លាញព្រៃឈើ នៅតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព នេះតទៅទៀតនោះទេ៕ដោយ៖AFN